ចិនផ្ដល់ជំនួយឥតសំណងជាង ៤០ លានដុល្លារ ដើម្បីជំរុញការកសាង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាធារណរដ្ឋប្រជាមានិតចិនសម្រេចផ្តល់ជំនួយឥតសំណងចំនួន ៣០០ លានយ័ន (ប្រមាណជិត ៤៣ លានដុល្លារអាម៉េរិក) ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង

ការសម្រេចផ្តល់ជំនួយឥតសំណងនេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជាបានជួបពិភាក្សាទ្វេភាគីជាមួយលោក  លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤  ក្នុងឱកាសដែលអ្នកទាំងពីរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងជំនួបនេះ លោក លី​ ឈាង​ បានសម្ដែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងធានាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំជាមួយនឹងកិត្យានុភាពកម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។

លោកបានគូសបញ្ជាក់ថា ប្រទេសចិននឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត ហើយភាគីចិននឹងបន្តចូលរួមនិងគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំទឹកប្រាក់ ៣០០ លានយ័នដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។

លោក លី ឈាង បានបន្ថែមថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆានិងអង្ករ ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាមកកាន់ទីផ្សារចិនបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនចិនដែលតែងតែបន្តជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ជំនួបទ្វេភាគីរវាងសម្តេចធិបតី​ ហ៊ុន ម៉ាណែត និងលោក លី ឈាង នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី ឈាង ក៏បានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។

ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមានវិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ និង ការតភ្ជាប់រវាងប្រជាជននិងប្រជាជន៕

你可能还喜欢

评论被关闭。