កម្ពុជា និងកាណាដា នឹងបើកស្ថានទូតរវាងប្រទេសទាំងពីរ នាពេលឆាប់ៗខាងមុខ

ប្រទេសកម្ពុជានិងកាណាដា នឹងបើកស្ថានឯកអគ្គរាជទូតរវាងប្រទេសទាំងពីរនាពេលឆាប់ៗខាងមុខ ដើម្បីជំរុញទំនាក់ទំនងនិងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយលោក Justin Trudeau

នេះបើតាមការបង្ហើបឱ្យដឹងដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរនៅក្នុងជំនួបនាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

នៅក្នុងជំនួបនោះ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដាបានសម្ដែងការស្វាគមន៍និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក Justin Trudeau បានប្រាប់សម្ដេចធិបតីថា ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូត កាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូតនៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។

លោកបានគូសបញ្ជាក់ទៀតថា ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្មមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មនិងក្រសួងពាក់ព័ន្ធរបស់កម្ពុជា អំពីការជំរុញនិងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីដែលប្រកបដោយសក្ដានុពលដ៏សម្បូរបែប។ លោកក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដានិងអាស៊ាន​​​ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាត្រូវបានអនុម័តនាពេលខាងមុខនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរនៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងបានថ្លែងអំណរគុណចំពោះកាណាដាដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសុខសន្ដិភាពនៅកម្ពុជា តាមរយៈការបញ្ជូនកងរក្សាសន្ដិភាពនៅទសវត្សរ៍ឆ្នាំ១៩៩០ រួមទាំងការរួមចំណែកបោសសម្អាតមីននិងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗមកកម្ពុជា។

សម្ដេចធិបតីបានបញ្ជាក់ថា កាណាដាជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧របស់កម្ពុជាដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារនិងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូចជាការរៀបចំពិព័រណ៍ពាណិជ្ជកម្មដែលទើបបានបញ្ចប់នៅទីក្រុងម៉ុងរ៉េអាល់ និងគម្រោងបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដាជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីកែទម្រង់ស៊ីជម្រៅជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងសំណូមពររបស់វិស័យឯកជន ជាមួយនឹងការកែលម្អបរិយាកាសវិនិយោគឱ្យកាន់តែល្អប្រសើរនិងមានលក្ខណៈអំណោយផល ព្រមទាំងបានដាក់ចេញនូវវិធានការលើកទឹកចិត្តនានា សំដៅជួយវិស័យឯកជនឱ្យកាន់តែរីកចម្រើនថែមទៀត៕

你可能还喜欢

评论被关闭。