CDC និងវិស័យឯកជនប្រជុំពិភាក្សាអំពីការអភិវឌ្ឍ វិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា

នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងវិស័យឯកជនបានបើកកិច្ចប្រជុំពិភាក្សាស្តីពីការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកនៅកម្ពុជា ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក ស៊ុន ចាន់ថុល ជំរុញការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកនៅកម្ពុជា

នេះជាកិច្ចប្រជុំលើកទី២ រវាង CDC និងវិស័យឯកជន ដើម្បីពិភាក្សាលើស្ថានភាពបច្ចុប្បន្ននិងបញ្ហាប្រឈមក្នុងវិស័យយានយន្តនិងអេឡិចត្រូនិកនៅកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីវិស័យឯកជនចំនួនពីរ រួមមានក្រុមហ៊ុន RMA Cambodia តំណាងដោយលោកនាយកប្រតិបត្តិ ងន សាំង ជាសហប្រធានផ្នែកយានយន្តនិងក្រុមហ៊ុន Minebea Cambodia តំណាងដោយលោកប្រធានក្រុមប្រឹក្សាភិបាល Yoshihiro SAKANUSHI ជាសហប្រធានផ្នែកអេឡិចត្រូនិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល បានបង្ហាញពីស្ថានភាពវិនិយោគនៅកម្ពុជា សាវតារនៃការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា ការរៀបចំយន្តការស្ថាប័នសម្រាប់ការអនុវត្ត ក៏ដូចជាភាពចាំបាច់នៅក្នុងការបង្កើតឱ្យមាននូវក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកនេះឡើង ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា ព្រមទាំងទិសដៅការងារអាទិភាពសំខាន់ៗផងដែរ។

កិច្ចប្រជុំស្តីពីការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកនៅកម្ពុជា

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១- ជួបជុំសមាសភាពក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិក (ក.ប.យ.អ.)។ ទី២- ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្មលើវិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា។ ទី៣- ពិភាក្សាលើស្ថានភាពបច្ចុប្បន្ននិងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែករបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ។ ទី៤- កំណត់ទិសដៅការងារបន្ត។

អង្គប្រជុំបានចូលរួមមតិយោបល់យ៉ាងផុសផុលនិងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ដែលជារួមតាម​រយៈ​ការស្ទង់មតិលើការធ្វើអាទិភាវូបនីយកម្មឡើងវិញលើវិធានការទាំង ២០ ដោយវិស័យឯកជន មានវិធានការចំនួន ៣ ត្រូវបានជ្រើសរើសជាវិធានការអាទិភាព ក្នុងនោះរួមមាន៖ ១. អភិវឌ្ឍកម្មវិធីធ្វើឱ្យប្រសើរឡើងនូវជំនាញនៃកម្លាំងពលកម្មដោយសហការជាមួយវិស័យឯកជន។ ២. ធ្វើសាមញ្ញកម្មបែបបទនាំចេញ-នាំចូល។ ៣. ពិនិត្យឡើងវិញនូវគោលដៅអត្រាថ្លៃអគ្គិសនី និងស្ថិរភាពផ្គត់ផ្គង់។

យានយន្តនិងអេឡិចត្រូនិកគឺជាវិស័យអាទិភាពមួយក្នុងការជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ទន្ទឹមនឹងនេះ វិស័យឯកជនក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាដៃគូជាមួយរាជរដ្ឋាភិបាលលើវិធានការពាក់ព័ន្ធនឹងការធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល ព្រមទាំងរៀបចំផែនការទាក់ទាញកម្លាំងពលកម្មពីបរទេស ទេសន្តរប្រវេសន៍ និង អាណិកជនខ្មែរដែលមានជំនាញនិងទេពកោសល្យខ្ពស់ក្នុងវិស័យទាំងពីរនេះផងដែរ។

ចំពោះទិសដៅបន្ទាប់ ក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកនឹងរៀបចំកិច្ចប្រជុំលើកទី៣ នៅ ៦ ខែបន្ទាប់ ពោលគឺនៅអំឡុងខែមេសា ឆ្នាំ២០២៥៕

你可能还喜欢

评论被关闭。