សម្ព័ន្ធក្រុមហ៊ុន FUNG Group ហុងកុងចាប់អារម្មណ៍ការវិនិយោគឧស្សាហកម្មវាយនភណ្ឌនៅកម្ពុជា
គណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) មកពីតំបន់រដ្ឋបាលពិសេសហុងកុង បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគលើឧស្សាហកម្មវាយនភណ្ឌនៅកម្ពុជា។
ជំនួបទ្វេភាគីរវាងលោក ស៊ុន ចាន់ថុល និងគណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុន FUNG Group
នាពេលថ្មីៗ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុនហ្វុងដែលដឹកនាំដោយលោកបណ្ឌិត William Kwok Lun Fung អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង។
លោក ស៊ុន ចាន់ថុល បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា មានជាអាទិ៍ សុខសន្តិភាពនិងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែបនិងប្រទាក់ក្រឡា។
លោកក៏បានលើកឡើងអំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការច្រកចេញចូលតែមួយក្នុងការសម្របសម្រួលជាមួយនឹងបែបបទនៃការវិនិយោគដែលមានភាពបត់បែន សំដៅលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់តែមានជវភាព ភាពទាក់ទាញ ភាពអំណោយផលខ្ពស់ និង អនុគ្រោះបំផុត។
លោកបណ្ឌិត William Kwok Lun Fung និងគណៈប្រតិភូបានសម្តែងនូវការកត់សម្គាល់និងស្ញើចសរសើរចំពោះការផ្លាស់ប្តូរមុខមាត់របស់កម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់ទទួលវិនិយោគិនពីបរទេស ពិសេសការគិតគូរពីបរិស្ថាន ការប្រើប្រាស់នូវថាមពលកកើតឡើងវិញនិងការលើកកម្ពស់កម្លាំងពលកម្មរបស់ស្ត្រីក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធ។
គណៈប្រតិភូក៏បានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការពិនិត្យលទ្ធភាពនិងឱកាសដាក់ទុនវិនិយោគរបស់ខ្លួនមកកាន់កម្ពុជានាពេលខាងមុខ ដោយផ្តោតជាពិសេសលើឧស្សាហកម្មវាយនភណ្ឌនិងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេសដែលមានសក្តានុពលផងដែរ៕
评论被关闭。