អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំរុញការគ្រប់គ្រងជនបរទេស ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានជំរុញសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រង ជនបរទេសស្របតាមច្បាប់កម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទកើតមាននៅក្នុងប្រទេសកម្ពុជា។
លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការអំពាវនាវដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងជនបរទេស ជាពិសេសតាមបណ្ដាលច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ទាំងច្រកទ្វារព្រំដែនអន្តរជាតិ ទាំងច្រកទ្វារទ្វេភាគីអន្តរជាតិទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់និងរឹតបន្តឹងបន្ថែមទៀត សំដៅពង្រឹងសន្តិសុខជាតិនិងសុវត្ថិភាពសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត និងដើម្បីបង្ការនិងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទកើតមាននៅកម្ពុជា។
លោកក៏បានជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាទៅវិញទៅមកក្នុងការពង្រឹងនិងលើកកម្ពស់សមត្ថភាពការគ្រប់គ្រងការងារអន្តោប្រវេសន៍ ដើម្បីទទួលបាននូវលទ្ធផលវិជ្ជមានលើរាល់ប្រតិបត្តិការការងារ សំដៅចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និង ស្ថិរភាពនយោបាយ ដើម្បីបង្ការជនបរទេសស្នាក់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា បង្កើតជាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ការជួញដូរគ្រឿងញៀន និង ជួញដូរមនុស្សជាដើម។
គួររម្លឹកថា កាលពីខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ធ្វើការបញ្ជូនជនជាតិវៀតណាមសរុប ២៥៧ នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនិងបទល្មើសអន្តោប្រវេសន៍ចេញពីកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍និងប្រកាសរបស់ក្រសួងមហាផ្ទៃ៕
评论被关闭。