សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលថ្មីកំពុងដឹកនាំកម្ពុជា ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងដឹកនាំនាវាកម្ពុជាដោយភាពជឿជាក់ឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០​។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះនៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជានៅវិមានព្រឹទ្ធសភា នាពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។

សម្ដេចតេជោបានរម្លឹកពីស្ថានភាពកម្ពុជាចាប់តាំងពីឆ្នាំ១៩៨០មកនិងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺមានសភាពខុសគ្នាខ្លាំង ដែលបច្ចុប្បន្នកម្ពុជាបានដើរចម្ងាយឆ្ងាយជាងមុននិងរីកចម្រើន​យ៉ាងខ្លាំងលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចខ្ពស់ កាត់បន្ថយភាពក្រីក្រ ផ្គត់ផ្គង់ទឹកស្អាត ការកើនឡើងនៃការប្រើប្រាស់អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ផលិតផលកសិកម្មជាដើម។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា ឆ្នាំនេះជាខួបទី ២៦ នៃសន្តិភាពទាំងស្រុងនិងពេញលេញនៅកម្ពុជា​ ដែលគ្មានការបែងចែកទឹកដី គ្មានការបែងចែកកម្លាំងប្រដាប់អាវុធ ក៏ប៉ុន្តែមានគណបក្សនយោបាយផ្សេងៗ។ ចាប់តាំងពីឆ្នាំ១៩៩៨រហូតមកដល់ពេលបច្ចុប្បន្ន កម្ពុជាបានស្ថិតក្នុងសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ កងទ័ពតែមួយ និង មានព្រះមហាក្សត្រតែមួយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការលះបង់របស់សម្ដេចក្នុងការផ្ទេរអំណាចទៅដល់អ្នកបន្តវេនជំនាន់ក្រោយ ដែលជាការប្តូរនឹងសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនរយៈពេលយូរអង្វែង។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺបច្ចុប្បន្នរាជរដ្ឋាភិបាលថ្មីសម្រេចបានលទ្ធផលដ៏ល្អប្រសើរជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះទៅមុខដោយភាពជឿជាក់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅសម្រេចនូវគោលដៅឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍​។

សម្តេចតេជោ ហ៊ុន សែន និងលោក SHINOHARA ក៏បានពិភាក្សាគ្នាផងដែរអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅប្រទេសជប៉ុន ហើយបានឯកភាពគ្នាអំពីសង្គតិភាពរបស់គោលនយោបាយការបរទេសជប៉ុនចំពោះកម្ពុជា។ លោក SHINOHARA បានកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់របស់សម្តេចក្នុងការជំរុញសន្តិភាពនៅក្នុងតំបន់និងជុំវិញពិភពលោក។

គួររម្លឹកថា ជំនួបថ្ងៃនេះគឺជាឱកាសសម្រាប់លោក SHINOHARA ​ថ្លែងអំណរគុណចំពោះសម្ដេចតេជោនិងជម្រាបលាទៅកាន់ប្រទេសជប៉ុនវិញ ​ដោយលោកនឹងត្រូវចូលនិវត្តន៍​។

លោក SHINOHARA បានមកបំពេញការងារការទូតចំនួន ៤ លើកផ្សេងៗគ្នានៅប្រទេសកម្ពុជា ដោយលើកទី១គឺនៅឆ្នាំ១៩៦៧ ក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្នុងសង្គ្រាមនៅឡើយ លើកទី២គឺក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីសនៅឆ្នាំ១៩៩១-១៩៩៣ លើកទី៣គឺនៅឆ្នាំ២០០១ លោកគឺជាទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលើកទី៤គឺជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅឆ្នាំ២០០៧។ បន្ទាប់ពីចប់អាណត្តិបេសកកម្មជាឯកអគ្គរដ្ឋទូតនៅឆ្នាំ២០០៩ លោកបានក្លាយជាតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា។ លោកមានសេចក្តីរីករាយដែលបានបន្តកិច្ចការនៅប្រទេសកម្ពុជានិងបានប្តេជ្ញាចិត្តក្នុងការស្តារវិស័យអប់រំនិងពង្រឹងគុណភាពអប់រំនៅកម្ពុជា តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំនិងតាមរយៈជំនួយរបស់ប្រទេសជប៉ុន។

តាមរយៈវត្តមានរបស់លោកជាច្រើនឆ្នាំនៅកម្ពុជា លោកបានមើលឃើញនូវការរីកលូតលាស់យ៉ាងខ្លាំងក្លារបស់កម្ពុជាជាបន្តបន្ទាប់។ ក្រោយពីត្រឡប់ទៅប្រទេសជប៉ុនវិញ លោកនឹងរីករាយក្នុងការប្រាប់អំពីប្រទេសកម្ពុជាដល់ប្រជាជនជប៉ុនដែលចាប់អារម្មណ៍ពីកម្ពុជា៕

你可能还喜欢

评论被关闭。