ក្រុមហ៊ុនចិនចាប់អារម្មណ៍ការវិនិយោគ លើវិស័យថាមពលសូឡានៅកម្ពុជា

កាលពីពេលថ្មីៗនេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុននិងសភាពាណិ្ជកម្មចិន ដោយភាគីចិនបានបង្ហាញនូវបំណងវិនិយោគវិស័យថាមពលសូឡានៅកម្ពុជា។

សមាសភាពគណៈប្រតិភូនេះមានក្រុមហ៊ុនចំនួន ៦ និងសភាពាណិជ្ជកម្មក្រុងស៊ីន យ៉ាង (Xinyang) ខេត្តហឺណាន (Henan) ប្រទេសចិន ដែលមានសកម្មភាពវិនិយោគក្នុងវិស័យថាមពល ខុស្សាហកម្ម សេវាប្រឹក្សាក្នុងវិស័យវិស្វកម្មសំណង់ និង ពាណិជ្ជកម្មអន្តរជាតិ។

លោក ហេង ទី ទីប្រឹក្សាក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology និងជាប្រធានគណៈប្រតិភូបានលើកឡើងថា ក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology និងក្រុមហ៊ុន China National Energy Group Longyuan Power Overseas Investment Company មានបំណងនឹងចុះអនុស្សារណៈយោគយល់ ដើម្បីសហការវិនិយោគលើវិស័យថាមពលសូឡា ហើយបានស្នើឱ្យរាជរដ្ឋាភិបាលផ្តល់ការគាំទ្រនិងការលើកទឹកចិត្តដល់ក្រុមហ៊ុន។

លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនយោគនិងសក្តានុពលវិនិយោគរបស់កម្ពុជា។

លោកបានធ្វើការកត់សម្គាល់ពីកំណើនខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជាក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយនេះ ដែលក្នុងឆ្នាំ២០២៣និង ៩ ខែដើមឆ្នាំ២០២៤នេះ ប្រទេសចិនជាប្រភពទុនវិនិយោគធំជាងគេទីមួយនៅកម្ពុជា ហើយក៏មានការកើនឡើងនូវការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជាក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យា ទំនើបនិងមានតម្លៃបន្ថែមខ្ពស់ ដូចជារោងចក្រផលិតសម្បកកង់រថយន្ត រោងចក្រផលិតគ្រឿងសង្ហារឹម និង រោងចក្រផលិតកង់ជាដើម។ លោកក៏បានលើកឡើងពីស្ថានភាពនៃវិស័យថាមពលនៅកម្ពុជា ព្រមទាំងការកើនឡើងនៃតម្រូវការអគ្គិសនីដែលបណ្តាលមកពីការកើនឡើងនៃគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម។

លោក ជា វុទ្ធី បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុននិងបានជម្រាបជូនគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងទៅលើការប្រើប្រាស់ថាមពលស្អាត។ លោកក៏បានស្នើឱ្យគណៈប្រតិភូពិចារណាលើការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ដោយកម្ពុជាមានសក្តានុពលខ្ពស់ក្នុងវិស័យកសិកម្មនិងមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំឡូងមី និង ស្វាយចន្ទីជាដើម ព្រមទាំងពិចារណាលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

លោកបានបន្ថែមថា ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានសេចក្តីសោមនស្សរីករាយរង់ចាំផ្តល់កិច្ចសម្រួលទាំងឡាយនៅគ្រប់ជំហាននៃការធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជាជូនក្រុមហ៊ុន៕

你可能还喜欢

评论被关闭。