ទីភ្នាក់ងារជាតិមុខរបរនិងការងារ នឹងរៀបចំពិព័រណ៍ការងារជាង ៣ ម៉ឺនកន្លែងនៅថ្ងៃចុងខែតុលានេះ

ពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ២០២៤ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ដោយផ្តល់នូវឱកាសការងារជាង ៣ ម៉ឺនកន្លែងពីក្រុមហ៊ុន រោងចក្រ និង សហគ្រាសធំៗចំនួន ១៥០នៅអគារពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ២០២៤ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា និង មូលនិធិអភិវឌ្ឍន៍ជំនាញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារនិងដៃគូពាក់ព័ន្ធជាច្រើនទៀត។

យោងតាមសេចក្តីជូនដំណឹងរបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារបានឱ្យដឹងថា យុវជន សិស្ស និសិ្សត និង អ្នកស្វែងរកការរងារ អាចត្រៀមប្រវត្តិរូបការងារ (CV) ឱ្យបានច្រើនដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសន៍ការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនធំៗជាច្រើន ថែមទាំងមានឱកាសចូលរួមក្នុងសិក្ខាសាលាអំពីការលើកកម្ពស់ផលិតភាពដែលមានការចែករំលែកចំណេះដឹងនិងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជាតិនិងអន្តរជាតិជាច្រើនផងដែរ។

ទីភ្នាក់ងារជាតិមុខរបរនិងការងារបានបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងទៅកាន់លេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ / ០១៧ ៨៧១ ៨០៧ ឬលេខ ១២៩៧ / ១២៨៦។

គួររម្លឹកថា ទីភ្នាក់ងារជាតិមុខរបរនិងការងារតែងប្រារព្ធពិព័រណ៍ការងារនិងផលិតភាពជាតិជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជន សិស្ស និស្សិត និង អ្នកដែលកំពុងស្វែងរកការងារធ្វើអាចស្វែងរកការងារដែលខ្លួពេញចិត្តឬត្រូវនឹងជំនាញរបស់ខ្លួន ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ និងជាចំណែកមួយក្នុងការជំរុញសកម្មភាពនិងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម៕

你可能还喜欢

评论被关闭。