កម្ពុជាឈ្នះមេដាយ ៤១ គ្រឿងពីការប្រកួតកីឡាជើងឯក ឃីកបុកស៊ីង អាស៊ីឆ្នាំ២០២៤

ព្រះរាជាណាចក្រកម្ពុជាទទួលបានមេដាយសរុបចំនួន ៤១ គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡា ឃីកបុកស៊ីង (Kickboxing) ជ្រើសរើសជើងឯកអាស៊ីឆ្នាំ២០២៤ ក្នុងនោះមេដាយមាសចំនួន ៩ គ្រឿង ប្រាក់ ៤ គ្រឿង និង សំរឹទ្ធិ ២៨ គ្រឿង។

ព្រឹត្តិការណ៍​ប្រកួត​កីឡា ​ឃីក​បុក​ស៊ីង ជ្រើស​រើស​ជើង​ឯក​អាស៊ីឆ្នាំ​២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ​ធ្វើឡើងរយៈ​ពេល ៦ ថ្ងៃ​ គឺចាប់ពី​ថ្ងៃ​ទី​៨ ដល់​ទី​១៣ ខែ​តុលា ឆ្នាំ​២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កីឡាករ កីឡាការិនីកម្ពុជា​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួតសរុបចំនួន ​៦១ នាក់ ប៉ុន្តែក្នុងនោះ​មាន​កីឡាករ ​​៤ ​នាក់​បាន​បោះ​បង់​ចោល​ការ​ប្រកួត​ រួមមានកីឡាករ បឺត សង្ឃឹម កីឡាករ ឈឿង ល្វៃ កីឡាករ រិន ដេវីត និង កីឡាករ Thiago។

កីឡាករនិងកីឡាការិនីទាំង ៩ រូបដែលឈ្នះមេដាយមាស រួមមាន (១) សុខ រិទ្ធ (២) ហ៊ឹម គឹមរៀង ​(៣) ខាំ កូនខ្លា (៤) ខាំ ខ្លានាង (៥) ឆុង វិសាល (៦) ទូច ចាន់វត្តី (៧) នៅ ស្រីពៅ (៨) ឆា ចាន់ដេ និង (៩) ទួន ស្រីពីន។ ចំណែកកីឡាករនិងកីឡាការិនីដែលឈ្នះមេដាយប្រាក់ រួមមាន (១) ព្រុំ សំណាង (២) វ៉ន គឹមឆេង (៣) Delaunay Emma ​និង (៤) ទូច ដេវីត ទទួល​បាន​មេដាយ​ប្រាក់។

កម្ពុជាគឺជាម្ចាស់ផ្ទះទី១នៃព្រឹត្តិការណ៍ប្រកួតកីឡា ឃីកបុកស៊ីង ជ្រើសរើសជើងឯងអាស៊ីឆ្នាំ២០២៤ ហើយការប្រកួតនេះមិនត្រឹមតែជាការប្រកួតរវាងប្រទេសនិងប្រទេសប៉ុណ្ណោះទេ តែក៏ជាការប្រកួតដើម្បីជម្រុះនិងជ្រើសរើសប្រកួតបន្តក្នុងកម្មវិធីកីឡាពិភពលោក ២០២៥ “ 2025 World Games” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឆឹងទូ (Cheng Du) ប្រទេសចិន៕

你可能还喜欢