ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រើប្រាស់កម្លាំងទ័ព ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសធំៗ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងប្រើប្រាស់កម្លាំងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសធំៗ ដើម្បីរក្សាសុខសន្តិភាពនិងសណ្តាប់ធ្នាប់សង្គមជាតិ ទប់ស្កាត់និងបំបាត់នូវសកម្មភាពដែលបង្កភាពចលាចលនិងអស្ថិរភាពសង្គម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនាឱកាសធ្វើជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៃថ្ងៃបង្កើតកងពលតូចលេខ៧០នៃកងទ័ពជើងគោកនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។ សម្តេចបានបញ្ជាឱ្យកងយោធពលខេមរភូមិន្ទ ជាពិសេសកងទ័ពជើងគោក ត្រៀមលក្ខណៈដើម្បីចូលរួមគាំទ្រដល់កងរាជអាវុធហត្ថនិងនគរបាលជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសធំៗដែលប៉ះពាល់ដល់សន្តិសុខជាតិនៅពេលខាងមុខ ដូចជាបទល្មើសធនធានធម្មជាតិ ការជួញដូរគ្រឿងញៀនឆ្លនដែន និង បទល្មើសឆបោកតាមអនឡាញជាដើម។
សម្តេចធិបតីមានប្រសាសន៍ថា កន្លងមកកងកម្លាំងអនុវត្តច្បាប់ រួមមានកងកម្លាំងនគរបាលជាតិនិងកងកម្លាំងរាជអាវុធហត្ថបានបំពេញភារកិច្ចបានយ៉ាងល្អក្នុងការចូលរួមប្រយុទ្ធប្រឆាំងបទល្មើសនានា។ ប៉ុន្តែផ្អែកលើស្ថានភាពប្រែប្រួលនិងដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង កម្ពុជាមានភាពចាំបាច់បង្កើនកម្លាំងបន្ថែម តួយ៉ាងកម្លាំងទ័ព ដើម្បីចូលរួមប្រឆាំងបទល្មើសទាំងនេះ ព្រោះបទល្មើសទាំងនេះជាហានិភ័យចំពោះសន្តិសុខជាតិនិងសន្តិសុខសង្គម។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា យើងគ្មានសង្គ្រាមទៀតទេ យើងថែរក្សាសន្តិភាព ទប់ស្កាត់កុំឱ្យផែនការជ្រុលនិយមដុតបំផ្លាញប្រទេសបាន។ ប៉ុន្តែពេលជាមួយគ្នានេះ យើងត្រូវប្រឈមនឹងបញ្ហាហានិភ័យ សន្តិសុខ បទល្មើស ការបំផ្លាញធនធានធម្មជាតិ ព្រៃឈើ គ្រឿងញៀន និង ការឆបោកតាមប្រព័ន្ធអនឡាញ ដូច្នេះយើងត្រូវរៀបចំបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនិងបង្ក្រាបបទល្មើសដែលបង្កប់នូវហានិភ័យដល់សន្តិសុខសង្គមជាតិ ហើយកិច្ចការទាំងនេះទាមទារត្រូវបង្កើនកម្លាំងកងទ័ពជើងគោកនិងកងកម្លាំងខេមរភូមិន្ទ ដើម្បីត្រៀមចូលរួមគាំទ្រដល់កងកម្លាំងនគរបាលយុត្តិធម៌ ដែលមានកងរាជអាវុធហត្ថនិងកងនគរបាលជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «គ្មានអ្វីខុសច្បាប់នោះទេក្នុងការប្រើប្រាស់កងទ័ពដើម្បីជួយទប់ស្កាត់និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការឆបោកតាមអនឡាញ ដើម្បីបង្កើនប្រសិទ្ធភាពទៅលើការងារនេះនិងការរៀបចំដំឡើងយន្តការប្រយុទ្ធប្រឆាំងបទល្មើសទាំងនេះ»៕
评论被关闭。