ធនាគារជាតិកម្ពុជាចេញផ្សាយធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល

រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យធនាគារជាតិ នៃកម្ពុជាចេញផ្សាយធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០ ០០០ (២ សែន) រៀល និងដាក់ឱ្យចរាចរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបលើកទី ២០ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

អនុលោមទៅតាមអនុក្រឹត្យលេខ២៣១ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ស្តីពីការចេញផ្សាយធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀលក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជាបានប្រកាសចេញផ្សាយធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល និងដាក់ឱ្យចរាចរនៅទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះតទៅ។

យោងតាមការចេញផ្សាយជាសាធារណៈរបស់ធនាគារជាតិកម្ពុជា ធនបត្រអនុស្សាវរីយ៍មានលក្ខណៈសម្គាល់ដូចខាងក្រោម៖

ក- លក្ខណៈទូទៅ៖

– ទំហំធនបត្រ : បណ្តោយ ១៧០ មម ទទឹង ៧៦ មម

– ពណ៌ចម្បងគឺពណ៌ត្នោត ពណ៌ទឹកក្រូច និង ពណ៌ផ្កាឈូក

ខ- ថ្ងៃខាងមុខ ៖

– ផ្នែកណ្តាល ត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះវររាជមាតា ដែលផ្ទៃខាងក្រោយត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណី ព្រមជាមួយអក្សរ “ពីរសែនរៀល” នៅខាងក្រោម។ ខាងឆ្វេងមានលេខ “២០០០០០” នៅពីលើ ព្រមទាំងហត្ថលេខារបស់អគ្គទេសាភិបាលកិត្តិយស អគ្គទេសាភិបាល និង អគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគមួយគូនៅប្រាសាទបន្ទាយសំរ៉ែក្នុងខេត្តសៀមរាប។

– ផ្នែកខាងស្តាំ ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ខិតមកក្រោមមានលេខមាលាបោះពុម្ពដោយទឹកខ្មៅពណ៌ក្រហម និងនៅពីក្រោមនោះមានលេខ  “២០០០០០” និង “200000” និងមានអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោម។ នៅគែមខាងស្តាំនៃក្រដាសប្រាក់ មានរូបភាពអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញមានលេខ “200000”។

-ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ “200000” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរ ព្រមជាមួយបន្ទះហូឡូក្រាមទំហំ ១០ មម កាត់ទទឹងផ្ទៃក្រដាសប្រាក់ពីលើដល់ក្រោម។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់ និងនិមិត្តសញ្ញាពិសេ សេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។

គ-ថ្ងៃខាងខ្នង៖

– ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវ ព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រឿងព្រះមហាក្សត្រ និងមានអក្សរ “ពីរសែនរៀល” នៅពីក្រោម និងអក្សរ “Congratulations on the 20th Anniversary of the Coronation of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI (29 October 2004-29 October 2024)” នៅគែមក្រដាសប្រាក់។

– ផ្នែកខាងស្តាំ ត្រូវបានរំលេចឡើងនូវរូបភាពប្រាសាទបាយ័នក្នុងខេត្តសៀមរាប និងមានលេខ “២០០០០០” នៅផ្នែកខាងក្រោម ព្រមជាមួយខ្សែសុវត្ថិភាពទំហំ ៣ មម នៅផ្នែកខាងឆ្វេង។ នៅជ្រុងលើខាងស្តាំមានលេខ “200000” ដែលត្រូវបានបោះពុម្ពតាមបន្ទាត់បញ្ឈរ។

– ផ្នែកខាងឆ្វេង ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” និងអក្សរ “NATIONAL BANK OF CAMBODIA” ខិតមកក្រោមមានចារឹកអក្សរ “អបអរសាទរខួប ២០ ឆ្នាំនៃការគ្រងរាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី (២៩ តុលា ២០០៤ – ២៩ តុលា ២០២៤) ព្រមទាំងលេខ “2024” នៅពីក្រោមនោះ។ នៅគែមខាងឆ្វេងនៃក្រដាសប្រាក់មានរូបភាពអង្គដៅចំណាំ បោះពុម្ពតាមបន្ទាត់បញ្ឈរ ដែលឆ្លុះឃើញលេខ “200000”។

ធនាគារជាតិកម្ពុជាបានបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ ធនបត្រអនុស្សាវរីយ៍ប្រភេទ ២០០០០០ រៀល ត្រូវបានដាក់ឱ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនបត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក។

ធនាគារជាតិក៏បានដាស់តឿនដល់សាធារណជនគ្រប់រូប ត្រូវពិនិត្យនិងសម្គាល់ធនបត្រថ្មីនេះឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការភាន់ច្រឡំ៕

你可能还喜欢

评论被关闭。