រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិខេត្តកោះកុង បើកការដ្ឋានសាងសង់ជាផ្លូវការ
នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិដែលមានអានុភាព ៩០០ មេហ្គាវ៉ាត់ (MW) មានតម្លៃ ១,៣ ប៊ីលានដុល្លារអាម៉េរិក បានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងវត្តមានរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និង អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល
រោងចក្រផលិតថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះជាការវិនិយោគរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស្ថិតនៅឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង គ្រោងបើកដំណើរការនៅឆ្នាំ២០២៧។
លោក កែវ រតនៈ មានប្រសាសន៍ថា ខេត្តកោះកុងមានវារីអគ្គិសនីមួយគឺស្ទឹងឫស្សីជ្រុំក្រោម ដែលមានអានុភាព ៣៣៨ មេហ្គាវ៉ាត់ ប៉ុន្តែនៅស្ទើរចាញ់ ៤០០ មេហ្គាវ៉ត់នៅខេត្តស្ទឹងត្រែង។ នេះជាលើកទី២ ដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្កើតប្រវត្តិសាស្ត្រទី២ បើកការដ្ឋានសាងសង់រោងចក្រអគ្គិសនីជាប្រវត្តិសាស្ត្រធំជាងគេនិងជាប្រភេទថ្មីលើកទី១ដែលដើរដោយឧស្ម័នធម្មជាតិជាមួយអានុភាព ៩០០ មេហ្គាវ៉ាត់នៅខេត្តកោះកុង។
លោកបានលើកឡើងថា គិតចាប់តាំងពីឆ្នាំ១៩៩៨រហូតដល់បច្ចុប្បន្ន ការតភ្ជាប់បណ្ដាញអគ្គិសនីបានកើនឡើងប្រមាណ ៣២ ដង ពោលគឺ ១៥០ មេហ្គាវ៉ាត់នៅក្នុងឆ្នាំ១៩៩៨ ខណៈបច្ចុប្បន្នមានជាង ៤ ០០០ មេហ្គាវ៉ាត់ ក្នុងចំណោមភូមិជាង ១ ម៉ឺន យើងមាន៩៩,១៥%នៃភូមិទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ពីបណ្ដាញជាតិរួចហើយ។
លោក Thomas Joseph អគ្គនាយកក្រុមហ៊ុន Royal Group Power បានលើកឡើងថា រោងចក្រនេះនឹងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ហើយវានឹងផលិតថាមពលអគ្គិសនីបានស្មនឹង២៦%នៃថាមពលក្នុងស្រុកនៅកម្ពុជា។ អំឡុងពេលសាងសង់រោងចក្រ ត្រូវបានផ្ដល់ការងារចំនួន ២០០០ កន្លែង ហើយបន្ទាប់ពីរោងចក្រដំណើរការ នឹងត្រូវបានផ្តល់ការងារចំនួន ៣០០ កន្លែង។
លោកបានឱ្យដឹងថា ម៉ាស៊ីនទាំងអស់នឹងផលិតអគ្គិសនីបានប្រមាណ ៦ លានគីឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំសម្រាប់លក់ឱ្យអគ្គិសនីកម្ពុជា (EDC) ក្រោមកិច្ចព្រមព្រៀងថាមពលរយៈពេល ៣០ ឆ្នាំ។ គម្រោងនេះនឹងជួយគាំទ្រដល់ការបង្កើតចំណែកថាមពលស្អាតរហូតដល់៧០%នៃផលិតកម្មក្នុងស្រុកនៅក្នុងឆ្នាំ២០៣០។
លោកស្រី មិថុនា ភូថង បានលើកឡើងថា វិស័យថាមពលមិនត្រឹមតែជាផលិតផលសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាក៏ជាផលិតផលដែលចាំបាច់ក្នុងការជំរុញឱ្យមានការអភិវឌ្ឍវិស័យផ្សេងៗទៀត។ ការជំរុញនិងអភិវឌ្ឍវិស័យថាមពលអគ្គិសនីឱ្យបានត្រឹមត្រូវនិងរីកចម្រើនឆាប់រហ័ស ដើម្បីសម្រេចបានការផ្គត់ផ្គង់គ្រប់គ្រាន់ប្រកបដោយគុណភាពនិងតម្លៃសមរម្យជាគន្លឹះសំខាន់ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ រោងចក្រផលិតថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះនឹងក្លាយជាថាមពលអគ្គិសនីចាំបាច់សម្រាប់បម្រើផលប្រយោជន៍ក្នុងវិស័យសេដ្ឋកិច្ចនិងប្រជាពលរដ្ឋ ជាពិសេសនៅក្នុងខេត្តកោះកុងតែម្តង។
គំរូប្លង់សាងសង់គម្រោងរោងចក្រអគ្គិសនីប្រើប្រាស់ឧស្ម័នធម្មជាតិនៅខេត្តកោះកុង
រោងចក្រអគ្គិសនីប្រើប្រាស់ឧស្ម័នធម្មជាតិនេះនឹងក្លាយជារោងចក្រផលិតថាមពលអគ្គិសនីធំបំផុតនៅកម្ពុជា វានឹងអាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់និងធានាសន្តិសុខថាមពលនៅកម្ពុជា៕
评论被关闭。