ក្រុមហ៊ុនយន្តហោះឈានមុខអាម៉េរិក ចាប់អារម្មណ៍ចំពោះ ឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា
ក្រុមហ៊ុនផ្គត់ផ្គង់យន្តហោះសហរដ្ឋអាម៉េរិក Gulfstream Aerospace Corporation បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា និងមានបំណងចូលរួមអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍កម្ពុជា។
នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Julien Nargeot អនុប្រធានផ្នែកលក់ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក អូស្រ្តាលី និង នូវែលសេឡង់នៃក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងជំនួបនេះ លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។
លោក Julien Nargeot បានឱ្យដឹងថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្គត់ផ្គង់យន្តហោះឈានមុខមួយរបស់សហរដ្ឋអាម៉េរិក ដោយផ្តោតលើយន្តហោះឯកជន(Private Jet)។ ក្រុមហ៊ុនមានបំណងចូលរួមអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា ដើម្បីរួមចំណែកពពង្រីកការតភ្ជាប់ និងទេសចរណ៍នៅក្នុងតំបន់និងពិភពលោក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា ដោយសម្ដេចបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា នឹងផ្តល់ឱកាសល្អដល់ក្រុមហ៊ុន។
សម្ដេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និង ដៃគូពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតបន្ថែមអំពីសក្តានុពលនៃការវិនិយោគ នៅក្នុងឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា៕
评论被关闭。