ក្រសួងមហាផ្ទៃតែងតាំងប្រធានថ្មី នៃពន្ធនាគារព្រៃស
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃកម្ពុជាបានចេញសេចក្តីប្រកាសតែងតាំង ប្រធានថ្មីនៃមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) បន្ទាប់ពីមានការបែកធ្លាយវីដេអូជនជាតិចិននិងជនជាតិខ្មែរដែលកំពុងជាប់ឃុំមួយក្រុមធ្វើពិធីជប់លៀងនិងរាំលេងនៅក្នុងពន្ធនាគារព្រៃស។
លោក នុត សវនា ប្រធានថ្មីនៃពន្ធនាគារព្រៃស
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានតែងតាំងលោក នុត សវនា ដែលជាអ្នកនាំពាក្យនិងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ឱ្យទទួលបន្ទុកជាប្រធានពន្ធនាគារព្រៃស បន្ថែមលើមុខតំណែងបច្ចុប្បន្ន។
ការតែងតាំងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក នូវវីដេអូជនជាតិចិន និងជនជាតិខ្មែរដែលកំពុងជាប់ឃុំមួយក្រុមធ្វើពិធីជប់លៀង និងរាំលេង ដែលរូបភាពនេះត្រូវបានគេអះអាងថា នៅក្នុងពន្ធនាគារព្រៃស។
ម្យ៉ាងទៀត ការតែងតាំងនេះបានធ្វើឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាផ្លូវការ (នាឱកាសពិធីអបអរខួបលើកទី ៣០ នៃការបង្កើតកងពលតូចលេខ៧០នៃកងទ័ពជើងគោកកាលពីថ្ងៃទី១៥ តុលា ២០២៤) ថា បានឯកភាពឱ្យលោក ស សុខា ពិនិត្យនិងដោះដូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារព្រៃស ដើម្បីដោះស្រាយបញ្ហាអសកម្មនានាដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្ន។
លោក យិន គន្ធ អតីប្រធានពន្ធនាគារព្រៃសដែលបានចូលនិវត្តន៍
ពន្ធនាគារព្រៃសស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មុនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ប្រធានពន្ធនាគារព្រៃសគឺជាលោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ យិន គន្ធ ប៉ុន្តែលោកបានចូលនិវត្តន៍ពីតួនាទីជាប្រធានពន្ធនាគារព្រៃសនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ក្រោយការចូលនិវត្តន៍របស់លោក យិន គន្ធ មួយថ្ងៃ គឺចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអ៊ាន់ ត្រូវបានតែងតាំងជាប្រធានស្តីទីនៃពន្ធនាគារព្រៃស៕
评论被关闭。