អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ប្រារព្ធខួប ១ ឆ្នាំនៃការបើកដំណើរការជាផ្លូវការ

ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរបានប្រារព្ធពិធីអបអរសាទរគម្រប់ខួប ១ ឆ្នាំ (១៦ តុលា ២០២៣-១៦ តុលា ២០២៤) នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន។

   

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងវត្តមានរបស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក លីវ មីងលីន (Liu Minglin) អគ្គនាយកក្រុមហ៊ុនវិនិយោគខេត្តយូណាន និង ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនទៀត។

លោក វ៉ាង វិនពីន មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគឺជាអាកាសយានដ្ឋានអន្តរជាតិទីមួយដែលក្រុមហ៊ុនវិនិយោគចិនធ្វើការវិនិយោគនៅក្រៅប្រទេសតាមរយៈទម្រង់ “សាងសង់ ដំណើរការ ផ្ទេរ” (BOT)។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ចិន-កម្ពុជា ជើងហោះហើរនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះមានការកើនឡើងជាលំដាប់ និងបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយឱ្យវិស័យទេសចរណ៍កម្ពុជាវិលទៅរកភាពប្រក្រតីឡើងវិញនិងទទួលបានការអភិវឌ្ឍ ក្លាយជាសមិទ្ធផលដ៏ធំធេងនៃ “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ដែលកសាងរួមគ្នាដោយចិននិងកម្ពុជា ហើយក៏ក្លាយជាច្រកដ៏សំខាន់មួយសម្រាប់បង្ហាញនូវភាពទាក់ទាញនៃសម្រស់ប្រាសាទអង្គរវត្តនិង “ព្រះរាជាណាចក្រអច្ឆរិយៈ” ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

លោកបន្ថែមថា ចិននិងកម្ពុជាកំពុងតែពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ហើយជឿជាក់ថានឹងមានជើងហោះហើរនិងភ្ញៀវទេសចរចិនកាន់តែច្រើនធ្វើដំណើរមកកាន់ប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ចិននិងកម្ពុជានឹងបង្ហាញនូវភាពអស្ចារ្យសាជាថ្មី។

លោក ម៉ៅ ហាវណ្ណាល់ ​បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ គឺជាសមិទ្ធផលមួយដែលកើតចេញពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយនិងផ្លូវមួយ” ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបាននិងកំពុងតែលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគំនិតផ្តួចផ្តើមនេះបានពង្រីកនូវកិច្ចសហការយ៉ាងលឿនទៅលើវិស័យសំខាន់ៗសម្រាប់ជាប្រយោជន៍ដល់ការកែលម្អនិងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ រួមមានការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ការវិនិយោគលើវិស័យកសិកម្ម វិស័យដឹកជញ្ជូន ព្រមទាំងទំនាក់ទំនងគ្នាទៅវិញទៅមករវាងប្រជាជននិងប្រជាជន។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

លោកបានសង្កត់ធ្ងន់ថា អាកាសយានដ្ឋាននេះគឺជានិមិត្តរូបមិត្តភាពកម្ពុជា-ចិន រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជា ហើយភាគីកម្ពុជារីករាយក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយភាគីចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គិតត្រឹមពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួនជាង ១៤ ០០០ ជើង ទទួលបានអ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួនជាង ១,៣ លាននាក់។

គួររម្លឹកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនវិនិយោគចំនួន៣៖ ១. ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន៧៦.៦%។ ២. ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) មានភាគហ៊ុនចំនួន២០%។ ៣. ក្រុមហ៊ុនគ្រប់គ្រងនិងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន៣.៤%៕

你可能还喜欢

评论被关闭。