សម្តេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមក្នុងការជួយឱ្យស្ថានការណ៍មីយ៉ាន់ម៉ាឈានទៅរកការចរចាបាន
ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមចំពោះវិធីសាស្រ្តថ្មី ដែលអាចទាញសភាពការណ៍មីយ៉ាន់ម៉ាឈានទៅរកការចរចាបាន ដោយសម្តេចបានបញ្ជាក់ថា ការស្វែងរកសន្តិភាពតាមរយៈការចរចាទាមទារនូវពេលវេលា ឯការប្រើប្រាស់យោធា មិនអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាបាននោះទេ។
ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក Christian Lechervy
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Christian Lechervy (គ្រីស្សង់ ឡឺសែវី ) ឯកអគ្គរដ្ឋទូត និងជាប្រេសិតពិសេសបារាំងទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅវិមាន ៧ មករា រាជធានីភ្នំពេញ។
សម្តេចតេជោ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការជួបចរចា និងធ្វើការជាមួយនឹងអ្នកកាន់អំណាចជាក់ស្តែងនៅក្នុងការដោះស្រាយវិបត្តិ និងផ្តល់ជំនួយមនុស្សធម៌។ ស្ថានការណ៍នៅមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ ដែលគួរតែត្រូវបានគិតគូរឡើងវិញចំពោះកញ្ចប់ផែនការថ្មី នៃដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ា ឱ្យស្របនឹងសភាពការណ៍បច្ចុប្បន្ន ដោយមូលហេតុថា កិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ ចំណុចរបស់មេដឹកនាំអាស៊ាននាពេលនេះ ហាក់បីដូចជាហួសសម័យទៅហើយ។ ជាក់ស្តែង ចំណុចមួយនៃចំណុចទាំង ៥ នោះ លើកឡើងពីការទប់ស្កាត់ហិង្សា ប៉ុន្តែពេលនេះស្ថានភាពរាលដាលសឹងតែក្លាយទៅជាសង្រ្គាមស៊ីវិលទៅហើយ។
ស្ថានការណ៍ដ៏អាក្រក់នៅមីយ៉ាន់ម៉ា
សម្ដេចតេជោបានជម្រាបលោក Christian Lechervy ថា សម្ដេចធ្លាប់បានជួបជាមួយលោក មីន អ៊ុងឡាំង (Min Aung Hlaing) កាលពីឆ្នាំ២០២២ ហើយបន្ទាប់មកទៀតក៏បានជួបតាមអនឡាញជាបន្តបន្ទាប់ ហើយថ្មីៗនេះបេសកជនពិសេសរបស់មីយ៉ាន់ម៉ាក៏បានមកជួបសម្ដេចផងដែរ។
ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោបានសម្តែងនូវក្តីរីករាយដែលមីយ៉ាន់ម៉ាទទួលយកនូវអនុសាសន៍របស់សម្ដេចក្នុងការបញ្ជូនតំណាងមិនមែននយោបាយទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ នៅរដ្ឋធានវៀងចន្ទន៍ ប្រទេសឡាវកាលពីពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះ សម្តេចតេជោក៏បានជម្រាបទៅលោក Christian Lechervy ថា អាស៊ានបានធ្វើកិច្ចការច្រើនណាស់ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា ហើយអ្វីដែលជាចម្បងនោះគឺអាស៊ានត្រូវមានការឯកភាពគ្នា៕
评论被关闭。