សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ឈី ឈីងសាន (QU Qingshan) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រនិងអក្សរសាស្ត្របក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅវិមាន ៧ មករា រាជធានីភ្នំពេញ។ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏មានវត្តមានក្នុងជំនួបនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន និងលោក ឈី ឈីងសាន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន

សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

លោក ឈី ឈីងសាន មានប្រសាសន៍ថា នេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោកមកកាន់ប្រទេសកម្ពុជា ដោយលោក ស៊ី ជីនភីង (Xi Jinping) អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន បានចាត់បញ្ជូនលោកឱ្យដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនេះ ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាជាកង្វល់រួម និងជាប្រយោជន៍រួមរវាងបក្សនិងរដ្ឋ ហើយគោលចម្បងនៃដំណើរទស្សនកិច្ចនេះគឺ ដើម្បីជម្រាប និងចែករំលែកពីសេចក្តីសម្រេច និងសមិទ្ធផលនៃកិច្ចប្រជុំពេញអង្គលើក ទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លើកទី២០កាលពីខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ ដែលផ្តោតសំខាន់លើការដាក់ចេញនូវគោលដៅ និងយន្តការកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងទំនើបកម្មតាមបែបចិន។

លោក ឈី ឈីងសាន ក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ដែលជួយឱ្យកម្ពុជាអាចសម្រេចបាននូវការរីកចម្រើនសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការបំពេញទស្សនកិច្ចរបស់លោក ឈី ឈីងសាន មកកម្ពុជាជាការពង្រឹង និងពង្រីកចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន រវាងបក្សកុម្មុយនីស្តចិន និងគណបក្សប្រជាជនកម្ពុជា ពិសេសរវាងប្រជាជនចិន និងប្រជាជនកម្ពុជា។

សម្តេចក៏បានអបអរសាទរចំពោះកិច្ចប្រជុំពេញអង្គលើក ទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០ និងការធ្វើទំនើបកម្មរបស់ចិន ហើយសម្តេចក៏បានបន្តថា គ្មានការសង្ស័យឡើយ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិននិងលោក​ ស៊ី ជីនភីង ចំពោះការរីកចម្រើនឥតឈប់ឈររបស់ប្រទេសចិន ហើយចិននៅតែជាប្រទេសដែលរឹងមាំ ហើយមិនមែនសម្រាប់តែចិនខ្លួនឯងនោះទេ តែក៏សម្រាប់តំបន់ទាំងមូលផងដែរ។

នៅក្នុងជំនួបនេះ សម្តចតេជោ ហ៊ុន សែន និងលោក ឈី ឈីងសាន ក៏បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា-ចិន ដែលជាមិត្តភាពដែកថែប ហើយត្រូវសហការ និងអនុវត្តបន្ថែមលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជីនភីង បានឯកភាពគ្នាដាក់ចេញ ដើម្បីជាផែនទីចក្ខុវិស័យ ក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ សំដៅសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់ ហើយឆ្នាំនេះគឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជំនួយរបស់មិត្តចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ ដែលតម្រូវឱ្យយើងមានភាពចាំបាច់ក្នុងការជំរុញមិត្តភាពមួយនេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោក ឈី ឈីងសាន បានពាំនាំជូនសម្តេចតេជោ ហ៊ុន សែន នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ស៊ី ជីនភីង ហើយសម្តេចតេជោក៏បានផ្តាំផ្ញើសួរសុខទុក្ខលោក ស៊ី ជីនភីង តាមរយៈលោក ឈី ឈីងសាន និងសង្ឃឹមថានឹងបានជួបលោក ស៊ី ជីនភីង ក្នុងពេលឆាប់ៗនេះ។

គួររម្លឹកថា សម្រាប់ដំណើរទស្សនកិច្ចលើកនេះ លោក ឈី ឈីងសាន នឹងធ្វើបទបង្ហាញស្តីពី «ប្រវត្តិ ១០០ ឆ្នាំរបស់គណបក្សកុម្មុយនីស្តចិននិងបទពិសោធន៍សំខាន់ៗរបស់ខ្លួន» ដើម្បីចែករំលែកដល់មន្ត្រីនៃគណបក្សប្រជាជនកម្ពុជាផងដែរ៕

你可能还喜欢

评论被关闭。