សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសហគមន៍ស្ទឹងមានជ័យ

នាព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយ លោកតា លោកយាយ និង សិស្សានុសិស្សនៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ប្រមាណជិត ១ ០០០ នាក់នៅសាលាមត្តេយ្យយ៉ូស ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងដំណើរចុះសួរសុខទុក្ខដោយឥតព្រៀងទុកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍សំណេះសំណាលជាមួយលោកតា លោកយាយ និង សិស្សានុសិស្សនៃអង្គការទាំង២ប្រកបដោយភាពសប្បាយរីករាយ ព្រមទាំងបានសន្យាថានឹងរៀបចំដំណើរកម្សាន្តជូនលោកតា លោកយាយទៅកម្សាន្តនៅភ្នំគូលេន ខេត្តសៀមរាប នាពេលខាងមុខទៀតផង។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតីបានថ្លែងអំណរគុណដល់លោក ស្កុត នីសិន ប្រធានអង្គការ CCF និងលោកស្រី ម៉ារីហ្រ្វង់ ដេប៉ាលីយែរ នាយិកាគ្រប់គ្រងនៃអង្គការ PSE ដែលកន្លងមកអង្គការទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ ជាពិសេសបានផ្ដល់ការអប់រំដល់កូនៗរបស់ពួកគាត់ តាំងពីថ្នាក់បឋមសិក្សារហូតដល់ឧត្តមសិក្សា និងអ្នកខ្លះមានសមត្ថភាពទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅក្រៅប្រទេសថែមទៀត។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្ស នៃអង្គការទាំងពីរ ដើម្បីបានសិក្សានៅតាមសាកលវិទ្យាល័យនានានៅក្នុងប្រទេស និងអាហារូបករណ៍នៅប្រទេសចិនផងដែរ។

លោក ស្កុត នីសុន បានបង្ហាញចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបាននិងបន្តជួយឧបត្ថម្ភគាំទ្រដល់បេសកកម្ម របស់អង្គការមនុស្សធម៌របស់លោកអស់រយៈពេលជាង ១០ ឆ្នាំមកនេះ។

ទន្ទឹមនេះ លោក ស្តុត នីសុន ក៏បានធ្វើសេចក្ដីរាយការណ៍សំខាន់ៗអំពីសមិទ្ធផលជាង ២០ ឆ្នាំរបស់អង្គការនៅលើទឹកដីកម្ពុជាក្នុងសហគមន៍ស្ទឹងមានជ័យ ដោយបានជួយគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ តាមរយៈការគាំទ្រសហគមន៍ កម្មវិធីថែទាំសុខភាព និង កម្មវិធីអប់រំ ក្នុងនោះមានសិស្សកំពុងសិក្សាចំនួនសរុបប្រមាណ ១ ៨០០ នាក់ ដោយសិស្សកំពុងសិក្សានៅសាកលវិទ្យាល័យមានចំនួន ១៨៥ នាក់ នៅទារកដ្ឋាននិងមត្តេយ្យសិក្សា ១៤០ នាក់។

ក្នុងឱកាសនោះផងដែរ លោកតា លោកយាយ និង សិស្សានុសិស្សទាំងអស់ បានបង្ហាញក្ដីរំភើប និងសប្បាយរីករាយឥតឧបមាដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិតបានផ្ដល់កិត្តិយសឆ្លៀតពេលដ៏មមាញឹក ពីការងារចុះជួបសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយគ្នា ព្រមទាំងបានថ្លែងអំណរគុណដល់សម្ដេច និងលោកជំទាវ ក៏ដូចជាអង្គការ CCF និងសិស្សានុសិស្សរបស់អង្គការ PSE ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងការសិក្សារបស់ក្មេងៗក្នុងសហគមន៍នេះ។

ជាចុងក្រោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានផ្ដល់អំណោយជូនលោកតា លោកយាយ អង្គការទាំងពីរ និង សិស្សានុសិស្ស មានទាំងថវិកានិងគ្រឿងឧបភោគបរិភោគជាច្រើនសម្រាប់បំពេញតម្រូវការទទួលទានប្រចាំថ្ងៃ៕

你可能还喜欢

评论被关闭。