សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលនិងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាជាង ៤៧០០ នាក់
នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានជួបសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាចំនួន ៤ ៧៤២ នាក់មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចធិបតី ហ៊ុន ម៉ាណែត បំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាក៏មានវត្តមានក្នុងពិធីនេះផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជនជាសមាជិកកាកបាទក្រហមកម្ពុជាត្រូវមានស្មារតីស្នេហាជាតិ និងទទួលខុសត្រូវចំពោះបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្មានការរើសអើង។
សម្តេចធិបតីបានលើកឡើងថា ការចូលរួមជាមួយកាកបាទក្រហមកម្ពុជា គឺត្រូវមានផ្នត់គំនិត និងបេះដូងក្នុងការជួយជំរុញ និងអនុវត្តការងារមនុស្សធម៌នេះឱ្យបានជាប់ជាប្រចាំ ហើយត្រូវមានស្មារតីស្នេហាជាតិ និងជាតិនិយម ប៉ុន្តែមិនជ្រុលនិយមពេក ដែលនាំឱ្យខ្មែរបែកបាក់ ហើយត្រូវមានគំនិតវិជ្ជមាន និងគិតគូរឱ្យបានច្បាស់លាស់។ បន្ថែមពីនេះ ត្រូវរួមគ្នាពង្រឹងខ្លួនឯង កសាង និង អភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង ដើម្បីចូលរួមថែរក្សាសាមគ្គីឯកភាពជាតិ កុំឱ្យបាត់បង់ទឹកដី កុំឱ្យបាត់បង់វប្បធម៌និងសិល្បៈ ដោយត្រូវរួមគ្នាផ្សព្វផ្សាយ និងគាំទ្រនូវសម្បត្តិវប្បធម៌ជាតិដែលកំពុងមាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេងនិងជាសមាសភាគមួយនៃបណ្ដាញអ្នកស្ម័គ្រចិត្តកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមនៅទូទាំងសកលលោក និងជាកម្លាំងសកម្មជួរមុខក្នុងប្រតិបត្តិការមនុស្សធម៌នៅក្នុងគ្រប់កាលៈទេសៈ៕
评论被关闭。