លោក ហេង សួរ ជួបពិភាក្សាការងារជាមួយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក វ៉ាង វិនពីន​ (Wang Wenbin) ​ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា។

ជំនួប​ទ្វេភាគីនេះ ធ្វើឡើង​ក្នុងបំណង​ពង្រឹង​ និងពង្រីក​កិច្ចសហប្រតិបត្តិការ​​រួមគ្នា​លើវិស័យ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស​នៅតាមវិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​នានានៅកម្ពុជា ដោយបច្ចុប្បន្ន​កម្ពុជា-ចិន​ក៏មាន​កិច្ចសហការ​សម្រាប់​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ នៅក្នុងខេត្តព្រះសីហនុ។

លោក វ៉ាង វិនពីន ​មានប្រសាសន៍ថា ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​សម្រាប់​ប្រជាជន​កម្ពុជា ​នឹងបង្កើត​កម្លាំងពលកម្ម​ជំនាញ​សម្រាប់​បំពេញ​តម្រូវការ​របស់​រោងចក្រ និង​ក្រុមហ៊ុន​របស់ចិននៅកម្ពុជា ខណៈដែលបច្ចុប្បន្ន​ការវិនិយោគ​របស់ក្រុមហ៊ុន​ចិននៅកម្ពុជា​មានច្រើន ដូចជា​វិស័យកាត់ដេរ​ ឧស្សាហកម្មកែច្នៃ​ រោងចក្រផលិត​សម្បកកង់​កៅស៊ូ​ជាដើម។

លោក វ៉ាង វិនពីន ក៏បានលើកជា​សំណើ​ចំនួន២៖ ទី១ ស្នើឱ្យ​មានការរៀបចំ​កិច្ចប្រជុំ​រវាង​ភាគី​រាជរដ្ឋាភិបាលកម្ពុជា ​ជាមួយ​បណ្តាក្រុមហ៊ុន​វិនិយោគ​របស់ចិននៅកម្ពុជា ដើម្បី​ស្វែងយល់​ពីតម្រូវការ​ក្នុងការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​សម្រាប់​ប្រទេសកម្ពុជា។ ទី២ ស្នើដល់​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពិនិត្យមើល​លើការចុះអនុស្សរណៈ​យោគយល់​ជាមួយ​ក្រសួងនៃប្រទេសចិន​ ផងដែរ។

ជំនួបទ្វេភាគីរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ជាការឆ្លើយតប​ លោក ហេង សួរ  បានបង្ហាញ​ការគាំទ្រ ​និងគូសបញ្ជាក់​ថា ក្រសួង​នឹងពិនិត្យ​ទៅលើការរៀបចំ​ទៅតាម​សំណើរ​បស់​លោក វ៉ាង វិនពីន។

លោក ហេង សួរ ក៏បានថ្លែងអំណរគុណ​ដល់រដ្ឋាភិបាលចិន​ដែលជាដៃគូ​ដ៏សំខាន់​ក្នុងការបន្ត​ការអភិវឌ្ឍ​វិស័យ​សង្គម​-សេដ្ឋកិច្ច​នៅកម្ពុជា ដូចជា​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពានថ្នល់ ​អគារ​ខ្ពស់ៗ ថាមពលអគ្គិសនី​ ការផ្តល់​អាហារូបករណ៍​សម្រាប់​និស្សិតខ្មែរ​ទៅសិក្សាបន្ត​នៅប្រទេសចិន ជាពិសេស​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់​ដែលបង្កើត​ការងារ​ជាច្រើន​សម្រាប់​កម្ពុជា។

លោក ហេង សួរ ក៏បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹងបន្តគាំពារ​ដល់វិនិយោគិន​ចិន ក៏ដូចជាប្រជាជនចិន​ដែលកំពុង​ធ្វើការ​និងរស់នៅ​ក្នុងប្រទេស​កម្ពុជា ធ្វើយ៉ាងណា​ឱ្យប្រជាជន​កម្ពុជា​និងប្រជាជនចិន​មានទំនាក់ទំនង​ល្អនិងទទួលបាន​ផលប្រយោជន៍​ រវាងគ្នា​ទៅវិញ​ទៅមក។

ភាគី​ទាំងពីរ​បានបង្ហាញ​នូវសុទិដ្ឋិនិយម​ចំពោះការអភិវឌ្ឍ​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​ទ្វេភាគី​តាមរយៈ​ទំនាក់ទំនង​ដ៏ល្អរវាង​កម្ពុជា-ចិន ជាពិសេស​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើការបណ្តុះបណ្តាល​ជំនាញបច្ចេកទេស៕

你可能还喜欢

评论被关闭。