សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរលោក Prabowo Subianto ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បានអបអរសាទរ​ចំពោះ​លោក Prabowo Subianto ដែលបាន​ទទួលតំណែង​ជាប្រធានាធិបតី​ នៃសាធារណរដ្ឋ​ឥណ្ឌូណេស៊ី។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា

តាមរយៈ​សារលិខិត​អបអរសាទរចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ថា ក្នុងនាម​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រ​កម្ពុជា និងក្នុងនាមសម្តេច​ផ្ទាល់ សម្តេចមានសេចក្តី​សោមនស្ស​រីករាយ​ ចូលរួម​អបអរសាទរ​យ៉ាងកក់ក្តៅ​បំផុត​ចំពោះ​លោក Prabowo Subianto នាឱកាស​នៃពិធី​ចូលកាន់​តំណែង​​ជាប្រធានាធិបតី ​នៃសាធារណរដ្ឋ​ឥណ្ឌូណេស៊ីនាថ្ងៃនេះ។

សម្តេចតេជោ​បន្ថែមថា សម្តេច​មានជំនឿជឿជាក់​យ៉ាងមុតមាំ​ថា លោក Prabowo Subianto នឹងបំពេញ​តួនាទី​ថ្មីនេះប្រកបដោយ​ស័ក្តិសិទ្ធភាព​ ដោយសារ​សមត្ថភាព​ដឹកនាំនិង​បទពិសោធន៍​ក្នុងវិស័យ​សាធារណៈ​ដ៏ទូលំទូលាយ​ និងការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើឱ្យ​ប្រទេសជាតិ​ និង​ប្រជាជន​កាន់តែ​ប្រសើរឡើង បន្ថែម​ពីលើ​ការគាំទ្រ​ពីសំណាក់​ប្រជាជន។

លោក Prabowo Subianto ប្រធានាធិបតីថ្មីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី

សម្តេច​ក៏ជឿជាក់​យ៉ាងមុតមាំ​ថា ក្នុងនាមជា​ប្រធានាធិបតី​ណ្ឌូណេស៊ី លោក Prabowo Subianto នឹង បន្ត​ពង្រឹងនិងពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​រវាង​កម្ពុជា ​និង​ឥណ្ឌូណេស៊ី​ដែលត្រូវបាន​បង្កើត​ឡើង​ក្នុងឆ្នាំ១៩៥៧។

ក្នុងនោះ សម្តេចតេជោ​ក៏បានលើកឡើងដែរថា សម្តេច​ទន្ទឹង​រង់ចាំ​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​លោក Prabowo Subianto រដ្ឋបាល​របស់លោក និង ក្រុមប្រឹក្សា​តំណាង​ប្រចាំ​តំបន់ (ព្រឹទ្ធសភា) របស់ឥណ្ឌូណេស៊ី ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​និងសភា​របស់​យើង ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជន ​និង​ប្រជាជាតិ​ទាំងពីរ​របស់​យើង។

លោក Prabowo Subianto ប្រធានាធិបតី​ថ្មីនៃប្រទេស​ឥណ្ឌូណេស៊ី​ស្បថ​ចូលកាន់​តំណែង​ នៅរសៀល​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​ដឹកនាំ​គណៈប្រតិភូ ​ចូលរួមពិធី​ស្បថ​ចូលកាន់​តំណែង​នេះផងដែរ៕

你可能还喜欢

评论被关闭。