រដ្ឋមន្ត្រីក្រសួងព័ត៌មានវាយតម្លៃខ្ពស់ ចំពោះសមាគមស្បែកជើង ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បានកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ សមាគម​ស្បែកជើង​កម្ពុជា​ដែលបាន​ដើរតួនាទី​យ៉ាងសំខាន់ ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការបង្កើត​ឱកាស​ការងារ​ដ៏សម្បូរបែប​ជូនប្រជាពលរដ្ឋ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

លោក នេត្រ ភក្ត្រា ថ្លែងបែបនេះ​ក្នុងឱកាស​អញ្ជើញ​ជាអធិបតី​ក្នុងពិធី​ពិសាអាហារសាមគ្គី​មហាគ្រួសារ​របស់​សមាជិកសមាគម​ស្បែកជើង​កម្ពុជា​កាលពីល្ងាច​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅ​ Naga​World I រាជធានីភ្នំពេញ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​បានឱ្យដឹងថា រហូត​មកដល់​ឆ្នាំ២០២៤​នេះ សមាគម​ស្បែកជើង​កម្ពុជា​បានបង្កើតឡើង​រយៈពេល ៥ ឆ្នាំមកហើយ ដោយសមាគម​សម្រេចបាន​​សមិទ្ធផល​​ជាច្រើន​​ក្នុងការ​រួមចំណែក​ជំរុញ​ការអភិវឌ្ឍ​វិស័យផលិតស្បែកជើង​នៅកម្ពុជា និងបានចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ តាមរយៈ​ការបង្កើត​ឱកាស​ការងារ​ជាង ១៤ ម៉ឺន​កន្លែងជូនប្រជាពលរដ្ឋ​កម្ពុជា​។ ទន្ទឹមនឹងនេះ សមាគម​ស្បែកជើង​កម្ពុជា​បានអភិវឌ្ឍ​ខ្លួនឥតឈប់ឈរ​និងសម្រេចបាននូវភាពរីកចម្រើន​នានា ជាពិសេស​ការរួមចំណែក​ក្នុងវិស័យ​ឧស្សាហកម្ម​ស្បែកជើង​នៅកម្ពុជា​ក្នុងការ​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និងការលើកកម្ពស់​ការប្រកួត​ប្រជែង​ទីផ្សារ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា

លោក លី ឃុនថៃ បានឱ្យដឹង​ទៀតថា កាលពីឆ្នាំ២០២៣ ទំហំ​នាំចេញស្បែ​កជើង​សរុប​មានចំនួន​ លើសពី ១,៣ ប៊ីលាន​ដុល្លារអាម៉េរិក ហើយចាប់ពី​ខែមករា​ដល់ខែកញ្ញា​ ឆ្នាំ២០២៤នេះ ទំហំ​នាំចេញ​សម្រេច​បាន ១,២ ប៊ីលាន​ដុល្លារអាម៉េរិក មានការកើនឡើង​ជាង២០%បើធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ២០២៣។ លទ្ធផល​ទាំងនេះ​អាចសម្រេចទៅបាន​ដោយផ្តើមចេញ​ពីការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​សមាជិក​នៃសមាគម ការរក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​អ្នកវិនិយោគ​ជាដៃគូ​ក្នុងទីផ្សារជាតិ​និងអន្តរជាតិ ជាពិសេសគឺការគាំទ្រ​យ៉ាងពេញ​ទំហឹង​ពីរាជរដ្ឋាភិបាល​កម្ពុជា។ បើទោះបី​ស្ថិតក្នុង​ភាពមិនប្រាកដប្រជា​នៃវិបត្តិសកល​យ៉ាងណាក្តី ប៉ុន្តែ​យើងនៅតែមាន​ឱកាស​ក្នុងការអភិវឌ្ឍ​ខ្លួន ហើយយើងនៅតែមាន​ជំនឿចិត្ត​យ៉ាងមុតមាំ​ថា ឧស្សាហកម្ម​ស្បែកជើង​នៅកម្ពុជា​មិនត្រឹមតែ​អាចឈានមុខ​នៅក្នុងទីផ្សារ​ក្នុងតំបន់​ប៉ុណ្ណោះទេ ថែមទាំង​មានភាពលេចធ្លោ​នៅលើពិភពលោក​ផងដែរ។

អ្នកឧកញ៉ា លី ឃុនថៃ បានគូសបញ្ជាក់បន្ថែមថា ថ្ងៃនេះ​យើងមិនត្រឹមតែ​ប្រារព្ធ​ការអបអរសាទរ​ចំពោះ​ស​មិទ្ធផល​ក្នុងរយៈ​ពេល ៥ ឆ្នាំ​កន្លងមក​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ជាការបង្ហាញ​អំពី​ភាពរឹងមាំ​និងភាពធន់​នៃការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ស្បែកជើង​កម្ពុជា​និងការអភិវឌ្ឍ​នាពេល​អនាគត ហើយយើង​រំពឹង​ថា ក្រោមការ​ចូលរួម​ជំរុញនិងបន្ត​គាំទ្រ​ពីរាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​សមាជិក​សមាគម​ទាំងអស់គ្នា ឧស្សាហកម្ម​ស្បែកជើង​កម្ពុជា​នឹងបន្តសម្រេចបាន​នូវភាពជោគជ័យ​ថ្មីៗ​ជាច្រើន​បន្ថែមទៀត និងចូលរួម​ជំរុញ​ដល់កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យកាន់តែ​ខ្ពស់ឡើងថែមទៀត។ សមាគម​ស្បែកជើង​កម្ពុជា​ប្តេជ្ញា​បន្តការលើកស្ទួយ​ឧស្សាហកម្ម​ ស្បែកជើង​នៅកម្ពុជា​ឱ្យកាន់តែ​មានភាពល្បីល្បាញ​ទាំងក្នុងតំបន់​និងនៅលើទីផ្សារ​អន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ក៏បានលើកឡើងថា វិស័យ​កម្មន្តសាល​ដែលមាន​រួមទាំង​ការផលិត​ផលិតផល​ស្បែកជើង​ផងដែរនោះ បានបង្ហាញ​ពីភាពខ្លាំង​របស់​ខ្លួនដោយទទួលបាន​នូវកំណើន​ប្រមាណ២០% ស្មើនឹង​ទំហំទឹកប្រាក់​ប្រមាណ ១៥,៦ ប៊ីលានដុល្លារអាម៉េរិក ដែលនេះ​បានបង្ហាញពី​ការរីកចម្រើន​ក្នុងវិស័យ​ផលិត​ស្បែកជើង​នៅកម្ពុជា។

លោកបានលើក​ទឹកចិត្ត​ឱ្យអ្នកវិនិយោគ​ពីប្រទេស​នានា​មកបន្តបោះទុន​វិនិយោគ​បន្ថែមទៀត​នៅកម្ពុជា​ ដើម្បី​ចាប់យក​ឱកាស​និង​អត្ថប្រយោជន៍​នានា​ដែលរាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់ជូន​ តាមរយៈ​ច្បាប់វិនិយោគថ្មី​ដែលទើបនឹង​អនុម័ត​ដាក់ឱ្យអនុវត្ត​នាឆ្នាំកន្លងទៅ។

លោកបានគូសបញ្ជាក់ថា ទំនិញ​និង​ផលិតផល​ទាំងអស់​ដែលផលិត​នៅកម្ពុជា អាចនាំចេញ​ទៅទីផ្សារ​ដែលមាន​ប្រជាជន​ប្រមាណ ២៥០ លាននាក់​នៅក្នុង​មហាអនុតំបន់​មេគង្គ​និងប្រមាណ ៦៣០ លាននាក់នៅក្នុង​តំបន់​អាស៊ាន។ រីឯ​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុងតំបន់​ បានផ្តល់​លទ្ធភាព​ឱ្យកម្ពុជា​អាចនាំចេញ​ទៅក្នុងទីផ្សារ​ដែលមាន​ប្រជាជន​រហូត​ដល់ទៅ ២,២ ប៊ីលាននាក់ ស្មើនឹង៣០%​នៃចំនួន​ប្រជាជន​សរុប​នៅទូទាំង​ពិភពលោក ហើយមាន​ចំនួន​ទឹកប្រាក់​សរុប​ប្រមាណ ២៦,៦ ទ្រីលានដុល្លារ​នៃផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និងប្រមាណ ១២,៧ ទ្រីលានដុល្លារ​នៃទំហំ​ពាណិជ្ជកម្ម​សរុប​ក្នុងពិភពលោក។

លោក នេត្រ ភក្ត្រា ជឿជាក់ថា កម្មវិធី​ជួបជុំគ្នា​នាឱកាសនេះ នឹងចូលរួម​ផ្សព្វផ្សាយ​និង​ចែករំលែក​អំពី​ឱកាស​វិនិយោគ​នៅកម្ពុជា​ទៅដល់បណ្តា​ក្រុមហ៊ុន​និង​វិនិយោគិន​បរទេស​ផ្សេងទៀត​ដែលមាន​បំណង​ចង់ចូលមក​បោះទុន​វិនិយោគ​នៅកម្ពុជា  ជាពិសេស​ការវិនិយោគ​លើការ​បើករោងចក្រ​ផលិតស្បែកជើង និង​រោងចក្រ​ផលិតផលិតផល​ផ្សេងៗទៀត៕

你可能还喜欢

评论被关闭。