សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណលើកទី១

ព្រឹត្តិការណ៍​ប្រកួត​​ «យុទ្ធ​គុន​ចម្រុះ​បរាណ​ខ្មែរ​ពាន​រង្វាន់​សម្តេច​ធិបតី»​ រយៈ​ពេល ​៣ ថ្ងៃ (​​១៨-២០​តុលា) បានបិទបញ្ចប់ដោយជោគជ័យនាល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​រាជ​ធានី​ភ្នំពេញ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​បាន​ចាត់​ទុក​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ​ លើក​ទី១ ឆ្នាំ​២០២៤នេះ គឺបានធ្វើឱ្យ​សុបិន​ក្លាយ​ជា​ការ​ពិត បន្ទាប់​ពី​សម្តេច​​ធិបតី​មាន​បំណង​ ចង់​ឲ្យ​​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អត្តសញ្ញាណ​ខ្មែរ​​ ជា​ច្រើន​​ឆ្នាំ​កន្លង​ទៅ​ហើយ។ តាមរយៈ​ព្រឹត្តិការណ៍​នេះ ធ្វើឱ្យ​យើងបានឃើញ​ឡើងវិញ​នូវមរតក​យុទ្ធគុន​បុរាណខ្មែរ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ ក៏ដូចជា​យុទ្ធោបករណ៍​បុរាណមួយចំនួន។

សម្តេចធិបតី​បានលើកទឹកចិត្ត​ដល់កីឡាករ កីឡាការិនី និង អ្នកពាក់ព័ន្ធ​ទាំងអស់ ឱ្យបន្តគាំទ្រ​ និងផ្សព្វផ្សាយ​ពី​យុទ្ធគុន​បុរាណ​ខ្មែរ ឱ្យបានល្បីល្បាញ​ទាំងក្នុងស្រុក​ និងលើឆាកអន្តរជាតិ​ ដើម្បី​បន្ត​រក្សាមរតកដូនតា​ខ្មែរជានិច្ច​និរន្តរ៍។

សម្តេចធិបតី​ក៏បានផ្តល់​កិត្តិយស​ផ្តល់ពាន​ និងប្រាក់រង្វាន់​ដល់​កីឡាករ​ កីឡាការិនី ​ដែលជា​ម្ចាស់ជ័យលាភី​ក្នុងឱកាសនៃពិធីបិទ​នេះផងដែរ។

សូមរម្លឹកថា ការប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​ខ្មែរបុរាណ​លើកទី១ នេះ មានកីឡាករ​ និង​កីឡាការិនី​ចូលរួម​សរុប​ជិត ៥០០ នាក់ ដោយប្រកួត​ក្នុងប្រភេទ​កីឡា​យុទ្ធគុន​ខ្មែរបុរាណ​ ដូចជា​ប្រដាល់​គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ក្រពើហា ស្រង៉ែពែន និង ក្រុមយុទ្ធគុន​កងយោធពលខេមរភូមិន្ទ​ជាដើម។

សម្រាប់ប្រាក់​រង្វាន់​ការ​ប្រកួតអាជីព៖ ជ័យលាភី​មេដាយ​មាស ទទួលបាន​ប្រាក់រង្វាន់ ១២ លាន​រៀល មេដាយ​ប្រាក់​ទទួលបាន ៨ ​លាន​រៀល និង មេដាយសំរិទ្ធ​ទទួលបាន ៤ ​លាន​រៀល។

ប្រាក់​រង្វាន់ស្ម័គ្រ​ចិត្ត​៖ ជ័យលាភីមេដាយ​មាស ​ទទួលបាន​ប្រាក់រង្វាន់ ៨ លាន​រៀល មេដាយ​ប្រាក់​ទទួលបាន ៦​ លានរៀល និង មេដាយ​សំរិទ្ធ​ទទួលបាន ៤ លានរៀល។

ដោយឡែក សម្រាប់​អត្តពលិក​ឆ្នើមនិង​អាជ្ញា​កណ្តាល​ឆ្នើម​ទទួលបាន​ពាន ​១ និង​ម៉ូតូ១​គ្រឿង៕

你可能还喜欢

评论被关闭。