ហួត ហាក់៖ ក្រុមហ៊ុនទេសចរណ៍ចិនចំនួន ២២ នឹងរៀបចំកញ្ចប់ដំណើរទស្សនកិច្ចមកកម្ពុជា

ក្រសួង​ទេសចរណ៍​កម្ពុជា​បានឱ្យដឹងថា ក្រុមហ៊ុនសហគ្រាសទេសចរណ៍ចិនចំនួន ២២ នឹងរៀបចំ​កញ្ចប់​ទស្សនកិច្ច​មកកម្ពុជា​ ក្នុងគោលដៅ​ជំរុញ​លំហូរ​ភ្ញៀវទេសចរ​មកកម្ពុជា​ យ៉ាងហើចណាស់​ឱ្យបាន​ ១ លាននាក់ក្នុងមួយឆ្នាំ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា

ក្នុងខណៈពេលដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​ទេសចរ​ណ៍ ​និង​ក្រុមកីឡាករ កីឡាការីនី ចូលរួម​ព្រឹត្តិការណ៍​បើកពិធីបុណ្យ​ក្បាច់គុន​សៅលីញ​​អន្តរជាតិ​លើក ទី១៣​ និងព្រឹត្តិការ​ណ៍ «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍កម្ពុជា ​បានជួបពិភាក្សា​ការងារ​ជាមួយតំណាង​បណ្តា​ក្រុមហ៊ុន​ទេសចរណ៍​ចិននៅទីក្រុងជឹងចូវ (Zhengzhou) ខេត្តហឺណាន (Henan) ប្រទេសចិន។

ក្នុងឱកាស​នៃជំនួប​នេះ លោក ហួត ហាក់ បានបញ្ជាក់​ជូនអំពី​សក្តានុពល​ និង​គោលដៅ​ទេសចរណ៍​ ជាពិសេស​ឱកាស​នៃការវិនិយោគ​នៅកម្ពុជា ជាមួយគោលនយោបាយ​លើកទឹកចិត្ត​របស់​រាជរដ្ឋាភិបា​កម្ពុជា។

តំណាង​ក្រុមហ៊ុន​ទេសចរណ៍ទាំង ២២ ដែលជា​ក្រុមហ៊ុន​រៀបចំ​កញ្ចប់​ទស្សនកិច្ច ក្រុមហ៊ុន​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍ និង​​សណ្ឋាគារ​លំដាប់​ខ្ពស់ បានឯកភាព​គ្នាជាឯកច្ឆន្ទ​ថា នឹងរៀបចំ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​​បន្ថែម​​ពីគោលដៅ​​ទេសចរណ៍​​ថ្មីៗ​របស់​កម្ពុជា ព្រមទាំង​​បង្កើត​កញ្ចប់​​ទស្សនកិច្ច​ថ្មីៗ ដើម្បី​​ទាក់​ទាញ​​​ភ្ញៀវទេសចិន​ និង​បរទេស​​ពីខេត្តហឺណាន​ ​និង​ខេត្តជុំវិញ មកទស្សនា​​កម្ពុជា​​ឱ្យបាន​​កាន់​តែ​​ច្រើន ក្នុងគោលដៅ​ជំរុញ​លំហូរ​ភ្ញៀវទេសច​រ​​មក​​កម្ពុជា ​យ៉ាងហោច​ណាស់​ឱ្យបាន ១ លាននាក់​ក្នុងមួយឆ្នាំ។

ជំនួបរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងតំណាងក្រុមហ៊ុនទេសចរណ៍ចិនទាំង២២

វិស័យ​ទេសចរណ៍​កម្ពុជា​បាន និង​កំពុងតែ​ចាប់ផ្តើម​​ប្រសើរ​​ឡើងវិញ​ បន្ទាប់ពី​រងផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​​ពីវិបត្តិ​កូវីដ-១៩ ​វិបត្តិ​ហិរញ្ញវត្ថុ​សកល និង បញ្ហា​សង្គ្រាម​​នៅលើពិភពលោក។ តាម​របាយការណ៍​​របស់​ក្រសួង​ទេសចរណ៍​​បានឱ្យដឹងថា ក្នុងរយៈពេល ៨ ខែ​ដើមឆ្នាំ ២០២៤ កម្ពុជា​​ទទួលបាន​ភ្ញៀវទេសចរ​អន្តរ​ជាតិ​​សរុប​​​ចំនួន​​​ជាង​ ៤,២៩ លាននាក់ (៤ ២៩១ ០៥៨) មាន​ការ​​កើនឡើង​​២២,៥%បើធៀប នឹង​​រយៈ​ពេល​​ដូចគ្នា​នៃឆ្នាំ២០២៣ ដែល​មាន​ចំនួន ៣,៥ លាននាក់។ ក្នុងចំណោម​ទេសចរ​​អន្តរជាតិ​​ជាង ៤,២៩ លាននាក់នេះ ភ្ញៀវទេសចរ​ថៃ​​ឈរនៅ​លំដាប់​លេខ​រៀងទី១ មានចំនួន ១ ៣៤០ ៧៥០ នាក់ កើនឡើង១៣% វៀតណាម​ចំនួន ៨៦៨ ៤៤៥ នាក់ កើន​ឡើង៣៥,៣% ចិន​ចំនួន ៥៣៨ ៨៣៤ នាក់ កើនឡើង៤៧,៧% ឡាវចំនួន ២៤២ ១០៤ នាក់ កើនឡើង១៣,៧% និង អា​ម៉េរិកចំនួន ១៤០ ៨៥៧ នាក់ កើនឡើង១៧,៧%៕

你可能还喜欢

评论被关闭。