កម្ពុជាជំរុញវិស័យឯកជន នាំចេញផលិតផលចំណីអាហារ និងកសិផលកាន់តែច្រើនទៅកាន់ទីផ្សារអឺរ៉ុប
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញការនាំចេញផលិតផលចំណីអាហារ និងកសិផលទៅកាន់ទីផ្សារប្រទេសបារាំង និងសហគមន៍អឺរ៉ុប តាមរយៈសមាគមឧកញ៉ាកម្ពុជា និងវិនិយោគិនបារាំង។
លោក ស៊ុន ចាន់ថុល ចង់ឃើញវិស័យឯកជននាំចេញផលិតផលចំណីអាហារនិងកសិផលទៅកាន់ទីផ្សារអឺរ៉ុបកាន់តែច្រើន
កាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារ ជាមួយប្រតិភូពីសមាគមឧកញ៉ាកម្ពុជា និងវិនិយោគិនពីប្រទេសបារាំង លោក Laurent Strauch ដែលដឹកនាំដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា។
លោក Laurent Strauch គឺជានាយកប្រតិបត្តិក្រុមហ៊ុន Smart Eden ដែលជាអ្នកទទួលទិញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជា នាំចេញទៅកាន់ទីផ្សារប្រទេសបារាំងនិងសហគមន៍អឺរ៉ុប។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការងារនាំចេញផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជាឆ្ពោះទៅកាន់ ទីផ្សារប្រទេសបារាំង និងសហគមន៍អឺរ៉ុប។
លោក ស៊ុន ចាន់ថុល បានបង្ហាញនូវការគាំទ្រដល់ក្រុមហ៊ុនទាំងពីរ ដែលបានរៀបចំកិច្ចសហប្រតិបត្តិការធុរកិច្ចថ្មី ដោយចាប់យកការនាំចេញផលិតផលចំណីអាហារ និងកសិផលកម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្ករត្នោត និង ម្រេចជាដើម ដើម្បីនាំចេញទៅកាន់ទីផ្សាររបស់ប្រទេសបារាំង និងសហគមន៍អឺរ៉ុប។ ដោយលោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការធុរកិច្ចនេះ នឹងសម្រេចបានជោគជ័យផ្លែផ្កា ដើម្បីចូលរួមជំរុញការនាំចេញ និងបង្កើនវត្តមានផលិតផល និងកសិផលរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។
លោក ស៊ុន ចាន់ថុល ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជន ពិនិត្យលទ្ធភាពបន្តវិនិយោគលើការកែច្នៃកសិផលផ្សេងៗទៀត ដែលមានសក្ដានុពលក្នុងការនាំចេញ ដើម្បីជំរុញបង្កើតការងារក្នុងស្រុកនិងប្រើប្រាស់ឱ្យអស់ពីលទ្ធភាព នូវកសិផលដែលកម្ពុជាផលិតបាន៕
评论被关闭。