ក្រុមហ៊ុនចិនចាប់អារម្មណ៍ការវិនិយោគ លើគម្រោងតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ក្រុមហ៊ុន Shanghai Geoharbour Group នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​ពីចំណាប់​អារម្មណ៍​ក្នុងការ​វិនិយោគ​លើគម្រោង​តំបន់​សេដ្ឋកិច្ចពិសេស ​និងហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា។

ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ​ក្រុមហ៊ុន Shanghai Geoharbour Group ចូលជួប​សម្តែងការគួរសម ​និង​ពិភាក្សា​ការងារ​ជាមួយ​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ ទី១ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នាព្រឹកថ្ងៃទី២១ ខែតុលា ​ឆ្នាំ២០២៤ ​លោក ស៊ី ស៊ឺឡុង (XU Shilong) អគ្គនាយក​​ក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបជូន​លោក ស៊ុន ចាន់ថុល អំពី​សាវតារ​របស់​ក្រុមហ៊ុន ​ដែលមាន​បទពិសោធន៍​ចូលរួម​សាងសង់​គម្រោងធំៗ​ជាង ២០០ គម្រោង​នៅក្នុង​តំបន់​អាស៊ី​ រួមមានកំពង់ផែ អាកាសយានដ្ឋាន និង កោះសិប្បនិម្មិត​ជាដើម។

លោក ស៊ី ស៊ឺឡុង ក៏បានលើកឡើង​អំពី​សកម្មភាព​របស់​ក្រុមហ៊ុន​ក្នុងប្រទេស​កម្ពុជា ដោយក្រុមហ៊ុន​បាន និងកំពុង​ចូលរួម​ក្នុងគម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោក្រុងតាខ្មៅ ដែលគ្រោង នឹង ​បើកឱ្យ​ដំណើរការ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ។

បន្ថែម​ពីនេះ ក្រុមហ៊ុន​ Shanghai Geoharbour Group ក៏​បាន​សម្តែង​នូវចំណាប់​អារម្មណ៍​ក្នុងការ​ស្វែងយល់​បន្ថែមទៀត​ លើសក្ដានុពល​នៃការវិនិយោគ​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុងប្រទេស​កម្ពុជា។

លោក ស៊ុន ចាន់ថុល បានថ្លែង​អំណរគុណ​ដល់ក្រុមហ៊ុន​ដែលបានមក​ស្វែងយល់ដោយផ្ទាល់​​អំពី​ឱកាស​វិនិយោគ​បន្ថែម​នៅកម្ពុជា ហើយលោកបាន​បង្ហាញ​ជូន​គណៈប្រតិភូ​អំពី​គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធនៅ​កម្ពុជា ដូចជា​គម្រោង​ផ្លូវល្បឿនលឿន គម្រោង​ព្រែកជីក​ហ្វូណនតេជោ និង កំពង់ផែ ដែលអនុញ្ញាត​ជូនវិនិយោគិន ក៏ដូចជា​ក្រុមហ៊ុន Shanghai Geoharbour Group ផ្ទាល់ អាចពិនិត្យ​លទ្ធភាព​និងជ្រើសរើស​ការបណ្ដាក់ទុន​វិនិយោគ​ផងដែរ៕

你可能还喜欢

评论被关闭。