កម្ពុជានឹងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឧស្សាហកម្មទេសចរណ៍ ដើម្បីចែកចាយផលិតផលស្វាយចន្ទី
ក្រសួងពាណិជ្ជកម្ម នឹងចុះអនុស្សារណៈយោគយល់ (MOU) ជាមួយវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីចែកចាយផលិតផលស្វាយចន្ទីទៅកាន់ទីផ្សារឱ្យកាន់តែទូលំទូលាយ។
លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី “ការផ្តល់ធាតុចូលលើសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នា រវាងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ជាមួយសមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន និង សមាគមសហព័ន្ធចុងភៅកម្ពុជា” ដើម្បីពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់គ្នានេះ។
ក្រសួងពាណិជ្ជកម្មរៀបចំកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងប្រមូលធាតុចូលពីបណ្តាភាគីពាក់ព័ន្ធ នៅក្នុងវិស័យទេសចរណ៍ និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា ដើម្បីរៀបចំអនុស្សរណៈ នៃការយោគយល់គ្នាមួយក្នុងការជំរុញការប្រើប្រាស់ និងចែកចាយផលិតផលគ្រាប់ស្វាយចន្ទី កម្ពុជាទៅក្នុងវិស័យសណ្ឋាគារ និងភោជនីយដ្ឋានឱ្យកាន់តែទូលំទូលាយ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា បើសិនជាមានការចុះអនុស្សារណៈ នៃការយោគយល់គ្នានេះ វានឹងជួយជំរុញការលក់ស្វាយចន្ទីក្នុងស្រុក ដែលកន្លងមកការលក់ក្នុងស្រុកមានទំហំតិចតួច ដោយសារតែក្រុមហ៊ុនធំៗមួយចំនួនផលិតហើយនាំចេញផ្ទាល់ទៅក្រៅប្រទេស។
លោកយល់ថា បើសិនជាគ្រាប់ស្វាយចន្ទីយើងផ្សព្វផ្សាយដល់សមាគមចុងភៅ នោះការស្រូបទាញផលិតផលក្នុងស្រុក នឹងបានកាន់តែលឿន និងកាន់តែច្រើន ខណៈសមាគមលើកទឹកចិត្តក្នុងការប្រើប្រាស់លទ្ធភាពក្នុងស្រុក ឱ្យអស់ ព្រោះវាងាយស្រួលជាងការនាំចេញទីក្រៅប្រទេស។ កន្លងមក ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែង ក្នុងការជួយឱ្យមានការលក់នៅតាមអាកាសយានដ្ឋាន ការបន្ថែមឱ្យមានការលក់នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានគឺរឹតតែល្អ ដែលវានឹងជួយជំរុញភាពសកម្ម នៃទីផ្សារក្នុងស្រុក និងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក។
សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា រយៈពេល ៨ ខែនៃដើមឆ្នាំ២០២៤ ការប្រមូលផលស្វាយចន្ទីកម្ពុជាសម្រេចបានប្រមាណ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ១,២ ប៊ីលានដុល្លារអាម៉េរិក៕
评论被关闭。