រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល វាយតម្លៃខ្ពស់ចំពោះការរួមចំណែក នៃក្រុមហ៊ុន អ អិម អេ
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនប្រជាពលរដ្ឋកម្ពុជា។
លោកស្រី ចម និម្មល ថ្លែងបែបនេះនាឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ងន សាំង អគ្គអគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក និងសហការី នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងជំនួបនេះ លោកស្រីបានជម្រាបអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺជំរុញ កែប្រែ និង ធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និងប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់និងសកលលោក។
លោក ងន សាំង បានលើកឡើងអំពីសក្តានុពលនៃវិស័យយានយន្តនៅកម្ពុជា ជាពិសេសរថយន្តថ្មី និងស្តង់ដាសុវត្ថិភាពយានយន្តដែលកាន់តែល្អប្រសើរ។ លោកក៏បានថ្លែងអំណរគុណដល់ក្រសួង ពាណិជ្ជកម្មដែលបានយកចិត្តទុកដាក់ខ្ពស់ដល់វិស័យឯកជន និងតែងតែផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងនោះក្រុមហ៊ុនគ្រោងនឹងរៀបចំពិព័រណ៍យានយន្តនៅគ្រប់បណ្តាខេត្តផងដែរ។
ក្នុងឱកាសនោះផងដែរ លោកស្រី ចម និម្មល បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតការងារនៅក្នុងស្រុក ការបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេស និង ការផ្ទេរបច្ចេកវិទ្យា តាមរយៈគម្រោងវិនិយោគរោងចក្រ ដំឡើងរថយន្ត FORD និងគម្រោងផ្សេងៗទៀត៕
评论被关闭。