USAID នឹងវិនិយោគ ១២ លានដុល្លារសម្រាប់ការសម្អាតមីន បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រការអភិវឌ្ឍកម្ពុជា
ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារ USAID នៅវិមានសន្ដិភាព។
លោកស្រី Samantha Power បានកោតសរសើរចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះនិងហែកហួរដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្សរ៍។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរ រវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យជាច្រើន រួមមានវិស័យសុខាភិបាល (ជាពិសេសការប្រយុទ្ធប្រឆាំង នឹងជំងឺរបេង និងជំងឺគ្រុនចាញ់) សន្តិសុខស្បៀងនិងការបោសសម្អាតមីន។
លោកស្រីបានគូសបញ្ជាក់ថា ទីភ្នាក់ងារ USAID នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ចំពោះការបោសសម្អាតមីន លោកស្រីនឹងប្រកាសការវិនិយោគចំនួន ១២ លានដុល្លារអាម៉េរិក ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងរាជរដ្ឋាភិបាលកម្ពុជានិងទីភ្នាក់ងារ USAID ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាម៉េរិក ដែលបានផ្ដល់ការគាំទ្រនិងជំនួយក្នុងការស្ដារ និងកសាងប្រទេសកម្ពុជាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ក៏ដូចជារួមចំណែកអភិវឌ្ឍកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។
នៅក្នុងជំនួបនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី Samantha Power បានពិភាក្សាគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារ USAID លើវិស័យសំខាន់ៗជាច្រើន រួមមានវិស័យពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល អប់រំ កសិកម្ម អភិបាលកិច្ចល្អ សន្ដិសុខ និង ការអនុវត្តច្បាប់៕
评论被关闭。