ទេសាភិបាលធនាគារជាតិកម្ពុជា ជា សិរី ចូលរួមជាវាគ្មិនក្នុងកម្មវិធីរបស់ Bloomberg និង BIS នៅអាម៉េរិក

លោកស្រី ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បានចូលរួម​ជា​វាគ្មិន​ក្នុងកម្មវិធី​សំខាន់ចំនួន​ពីរ​ ដែលរៀបចំ​ឡើងដាច់ដោយឡែក​ពីគ្នារបស់​ស្ថាប័ន​សារព័ត៌មាន​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​លំដាប់​ពិភពលោក​ Bloomberg និង​ធនាគារ​សម្រាប់​ការទូទាត់​អន្តរជាតិ​ (BIS) នៅសហរដ្ឋអាម៉េរិក។

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកស្រី ជា សិរី ចូលរួម​ជាវាគ្មិន​ក្នុង​កិច្ចពិភាក្សា​ស្តីពី​ “ក្តីសង្ឃឹម​ឆ្ពោះទៅរក​កំណើន​ខ្ពស់​ឡើងវិញ៖ ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ការគ្រប់គ្រង​ហានិភ័យ​ និង ការរៀបចំ​គោលនយោបាយ​សម្រាប់​អនាគត” ដែលជា​កម្មវិធី​ពិភាក្សា​ដំបូងគេ​ក្នុងវេទិកា​និយ័តកម្ម​សកល​ឆ្នាំ២០២៤ (Global Regulatory Forum 2024) រៀបចំឡើង​ដោយ​ Bloomberg នៅទីក្រុង​ញូវយ៉ក។

កិច្ចពិភាក្សា​នេះមានវត្តមាន​ចូលរួម​ពីវាគ្មិន​ជំនាញ​ ដែលជាថ្នាក់ដឹកនាំ ​-មន្ត្រី​ជាន់ខ្ពស់​មកពី​ធនាគារ​កណ្តាល​ និង​និយ័តករ​ទីផ្សារ​មូលធន​នៃប្រទេស​ផ្សេងៗ ក្នុងនោះ​រួមមានលោក Robert Holzmann ទេសាភិបាល​ធនាគារ​កណ្តាល​ប្រទេស​អូទ្រីស លោក Christian Noyer ទេសាភិបាល​កិត្តិយស​ ធនាគារ​កណ្តាល​បារាំង និង លោក Mohammed A. El-Kuwaiz ប្រធាន​អាជ្ញាធរ​ទីផ្សារ​មូលធន​អារ៉ាប៊ីសាអូឌីត។

កិច្ចពិភាក្សា​បានផ្តោតលើ​ប្រធានបទ​សំខាន់ៗ​ជាច្រើន​ រួមមាន​ការវិវឌ្ឍ​នៃស្ថានភាព​សេដ្ឋកិច្ច​សកល​ និង​កត្តា​ប្រឈម ការគ្រប់គ្រង​អតិផរណា និង ការរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ជាដើម។

លោកស្រី ជា សិរី បានចែករំលែក​ទស្សនាទាន​អំពី​ដំណើរ​វិវឌ្ឍន៍​នៃសេដ្ឋកិច្ច​ធំៗ​នៅលើ​ពិភពលោក​ និងកម្រិត​ឥទ្ធិពល​នៃការវិវឌ្ឍ​នោះមកលើ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ព្រមទាំង​លក្ខណៈ​អំណោយផល​មួយចំនួន​ដែលអាចនឹង​មាន​មកលើ​សេដ្ឋកិច្ច​កម្ពុជា​នាពេល​ខាងមុខ។

ដោយឡែក នៅរសៀល​ថ្ងៃដដែល លោកស្រី ជា សិរី ក៏បានចូលរួម​ជាវាគ្មិន​កិត្តិយស​ក្នុង​កិច្ចពិភាក្សា​ស្តីពី​ប្រធានបទ​ “អនាគត​នៃប្រតិបត្តិការ​ទូទាត់​ឆ្លងដែន​៖ កាន់តែលឿន កាន់តែសុវត្ថិភាព និង កិច្ចសហប្រតិបត្តិការល្អ” នៅក្នុង​ព្រឹត្តិការណ៍​ G20 (G20 Event) រៀបចំឡើង​ដោយ​ BIS នៅទីស្នាក់ការ​កណ្តាល​នៃមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ក្នុងទីក្រុង​វ៉ាស៊ីនតោន​។

កិច្ចពិភាក្សា​នេះក៏មាន​វត្តមាន​ចូលរួម​ពីឥស្សរជន​ជាថ្នាក់ដឹកនាំ​ល្បីៗ​ក្នុងវិស័យ​ហិរញ្ញវត្ថុ​លើ​ពិភពលោក​ រួមមាន​លោកស្រី Christine Lagarde ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប លោក Fabio Panetta ទេសាភិបាល​ធនាគារ​កណ្តាល​អ៊ីតាលី និងជា​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​ប្រតិបត្តិការ​ទូទាត់​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​ (CPMI) នៃ BIS និងលោក Lesetjia Kganyago ទេសាភិបាល​ធនាគារ​កណ្តាល​អាហ្វ្រិកខាងត្បូង។

នៅក្នុង​កិច្ចពិភាក្សា​នេះ លោកស្រី ជា សិរី បានចែករំលែក​អំពី​បទពិសោធន៍​នៃការជម្នះ​បញ្ហា​ប្រឈម​នានា​ក្នុងដំណើរ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លងដែន​ជាមួយ​ប្រទេស​មួយចំនួន​នាពេលកន្លងមក និង​ផែនការ​ពង្រីក​ការតភ្ជាប់​ជាមួយ​បណ្តា​ប្រទេស​ក្នុងតំបន់​និង​ពិភពលោក ព្រមទាំង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ។

លោកស្រី ជា សិរី ក៏បាន​រំលេច​ពី​សារៈសំខាន់​នៃ​ប្រតិបត្តិការ​ទូទាត់​ឆ្លងដែន​ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​អេឡិចត្រូនិក សម្រួល​ការទូទាត់​ដល់ទេសចរ​អន្តរជាតិ​និង​វិនិយោគិន​បរទេស ព្រមទាំង​ការលើកកម្ពស់​បរិយាបន្ន​ហិរញ្ញវត្ថុ៕

你可能还喜欢

评论被关闭。