កម្ពុជាបដិសេធដាច់អហង្ការ ចំពោះព័ត៌មានពាក់ព័ន្ធ នឹងពលរដ្ឋកូរ៉េត្រូវបានបង្ខាំងធ្វើការខុសច្បាប់និងចាប់ជំរិតនៅកម្ពុជា
ទូរទស្សន៍កូរ៉េខាងត្បូងមួយបានផ្សាយថា ពលរដ្ឋរបស់ខ្លួនរងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា នគរបាលជាតិកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចុះផ្សាយនេះ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា នោះជារឿងមិនពិត។
អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានចេញមកបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េ ដែលបានចោទប្រកាន់ថាពលរដ្ឋរបស់ខ្លួនរងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា។
អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានបញ្ជាក់ថា ក្រោយឃើញការចែកចាយរបស់សារព័ត៌មានកូរ៉េ ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ភ្លាម។
រូបភាពដែលទូរទស្សន៍កូរ៉េខាងត្បូងចេញផ្សាយពាក់ព័ន្ធនឹងព័ត៌មានបង្ខាំងមនុស្សខុសច្បាប់និងចាប់ជំរិតនៅកម្ពុជា
ជាលទ្ធផលនៃការស្រាវជ្រាវ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅ មានស្ត្រីជនជាតិកូរ៉េម្នាក់ បានទំនាក់ទំនងមកប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ និងបានអះអាងថា ប្ដីរបស់ខ្លួនធ្វើការនៅអគារ អាយខន ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយទំនាក់ទំនងមិនបានឡើយ។
ក្រោយមកកម្លាំងជំនាញ បានចុះទៅដល់ទីតាំងដែលសង្ស័យក្នុងសេចក្ដីរាយការណ៍ និងរកឃើញថា មិនមានការចាប់ជំរិតឬចាប់បង្ខាំងមនុស្សដោយខុសច្បាប់ឡើយ។ សមត្ថកិច្ចក៏បានរកឃើញនិងប្រគល់ជនជាតិកូរ៉េនោះទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដើម្បីធ្វើការសួរនាំបន្ដ។ បន្ទាប់ពីសួរនាំ ជនជាតិកូរ៉េខាងលើបានអះអាងថា ខ្លួនមិនត្រូវបានចាប់ជំរិតឬបង្ខាំងឱ្យធ្វើការដោយខុសច្បាប់អ្វីឡើយ។
ក្រោយបញ្ចប់ការសួរនាំតាមនីតិវិធី នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជូនជនជាតិកូរ៉េខាងលើទៅកាន់ប្រទេសដើមវិញរួចរាល់។
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានសង្កត់ធ្ងន់ថា ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េនោះ មិនមែនជាការពិតនោះឡើយ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតខាងលើដែលចុះផ្សាយដោយទូរទស្សន៍កូរ៉េ ព្រមទាំងអំពាវនាវដល់ស្ថានីយ៍ទូរទស្សន៍កូរ៉េនោះ ធ្វើការកែសម្រួលនូវការផ្សាយព័ត៌មាននេះឡើងវិញ៕
评论被关闭。