កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-កូរ៉េខាងត្បូងលើកទី១ បានប្រារព្ធឡើងនៅភ្នំពេញ

ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ កិច្ចសន្ទនា​រវាង​រដ្ឋ​និង​វិស័យ​ឯកជន​កម្ពុជា​-កូរ៉េខាងត្បូង​លើកទី១​ បានប្រារព្ធ​ឡើងនៅទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) រាជធានីភ្នំពេញ ក្រោមការដឹកនាំ​របស់​លោកឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​និងលោក Park Jung Wook ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា។

លោក ស៊ុន ចាន់ថុល សំណេះសំណាលជាមួយលោក Park Jung Wook ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា

កិច្ចសន្ទនា​នេះ ក៏មាន​ការចូលរួម​ពីតំណាង​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​២០ ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម ​និង​វិនិយោគ​កូរ៉េ (KOTRA) ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្ដរជាតិ​កូរ៉េ (KOICA) សភា​ពាណិជ្ជកម្ម​កូរ៉េ​នៅ​កម្ពុជា (KOCHAM) និង វិស័យ​ឯកជន​ជាច្រើនរូបទៀត។

កិច្ចសន្ទនា​ផ្លូវការ​នេះជាបៀបវារៈ​ថ្មី ដែលរៀបចំឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ គឺសម្ដេចមហា​បវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​កម្ពុជា​​និង​លោក Yoon Suk Yeol ​ប្រធានាធិបតី​នៃសាធារណរដ្ឋ​កូរ៉េ ក្នុងជំនួប​កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ។

កិច្ចសន្ទនា​នេះមានគោលបំណង​ពង្រឹង ​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម និង ការវិនិយោគ ព្រមទាំង​ធ្វើឱ្យ​ប្រសើរ​ឡើងនូវទំនាក់ទំនង​សេដ្ឋកិច្ច បរិយាកាស​វិនិយោគ និង កសាង​ជំនឿទុកចិត្ត​ពីសំណាក់​សហគមន៍​ធុរកិច្ច​កូរ៉េ​ សំដៅ​ជំរុញ​ការវិនិយោគ​បន្ថែម​ទៀតមក​កម្ពុជា។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា វត្តមាន​នៃកិច្ចសន្ទនា​នេះបានឆ្លុះបញ្ចាំង​អំពី​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ស្ដាប់នូវ​រាល់កង្វល់​របស់​វិនិយោគិន​កូរ៉េ តាមរយៈ​ការប្រើប្រាស់​របៀបវារៈ​ផ្លូវការ​ជាទៀងទាត់​ សំដៅ​ធានាដល់​ការតាមដាន​និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​វិនិយោគិន​ជាអាទិភាព។ លោកក៏បាន​ធ្វើបច្ចុប្បន្នភាព​ថ្មីនូវព័ត៌មាន​ពាក់ព័ន្ធ​នឹងនិន្នាការ​វិនិយោគ​នៅ​កម្ពុជា​ មានជាអាទិ៍ ស្ថានភាព​នៃរំហូរ​វិនិយោគ​និង​វឌ្ឍនភាព​នៃការដាក់ឱ្យ​ដំណើរការ​សាកល្បង​នូវ​ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា (cdcIPM) ផងដែរ។

លោក Park Jung Wook បានបង្ហាញនូវ​សេចក្ដី​សោមនស្ស​រីករាយ​ក្រៃលែង​ដែលបាន​សហការ​រៀបចំ​កិច្ចសន្ទនានេះ​ ក្នុងគោលដៅ​រួមគ្នា​ពិនិត្យ​និង​ពិភាក្សា​អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជា​ចូលរួម​ចំណែក​ក្នុងការ​កែលម្អ​បរិស្ថាន​ធុរកិច្ច​ សំដៅ​ពង្រឹង​និង​ពង្រីក​វត្តមាន​របស់​សហគ្រាស​កូរ៉េ​ឱ្យមក​បណ្តាក់ទុន​វិនិយោគ​នៅលើ​ទឹកដី​កម្ពុជា​បន្ថែមទៀត។

លោកក៏បាន​ថ្លែងអំណរគុណ​ជូនចំពោះ​ លោក ស៊ុន ចាន់ថុល ដែលបាន​ពន្យល់​យ៉ាងក្បោះក្បាយ​អំពី​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា ហើយលោកមានជំនឿចិត្ត​យ៉ាងមុតមាំ​ថា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី​នឹងកាន់តែ​មានភាព​ស្រស់បំព្រង​គួរជាទីមោទនៈ។

អង្គប្រជុំ​បានជជែក​ពិភាក្សា​យ៉ាងផុសផុល​ប្រកបដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​លើប្រធានបទ​ចំនួន​៧ គ្របដណ្ដប់​លើវិស័យ​ពន្ធដារ ភស្ដុភារកម្ម និង ហិរញ្ញវត្ថុ ជាមួយនឹង​ស្មារតី​ជឿជាក់​ថារាល់បញ្ហា​ប្រឈម​ត្រូវតែ​មានដំណោះស្រាយ​ឈ្នះ-ឈ្នះ សំដៅ​ធានា​បាននូវ​ភាពសុខដុមរមនា​និង​ភាពកក់ក្តៅ​ជូន​វិនិយោគិន​គ្រប់មជ្ឈដ្ឋាន​ទាំងអស់៕

你可能还喜欢

评论被关闭。