គម្រោងទំនប់ចំនួន ៣ ក្នុងខេត្តមណ្ឌលគិរីត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គម្រោងអភិវឌ្ឍន៍ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យក្នុងខេត្តមណ្ឌលគិរីត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សមិទ្ធផលទាំងនេះពុំមែនកើតឡើងដោយចៃដន្យនោះទេ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងនិងសាមគ្គីភាព រួមទាំងការឯកភាពផ្ទៃក្នុង ជាពិសេសកិច្ចសហការដ៏ល្អប្រពៃ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ហើយក៏បានស្តែងចេញនូវសមិទ្ធផលជាច្រើននៅទូទាំងប្រទេស។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកអូរតេ អនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ ឆ្នាំ គឺចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកាសរុបប្រមាណ ៦២ លានដុល្លារអាម៉េរិក ក្រោមក្របខណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះឆ្លើយតបតាមតម្រូវការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ ក្នុងការផលិតទឹកស្អាតឱ្យបាន ៩៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍កសិកម្មខេត្តមណ្ឌលគិរីសម្រាប់បម្រើឱ្យការស្រោចស្រពផ្ទៃដីផលិតកម្មកសិកម្មចំនួន ១៥ ០០០ ហិកតា។
គម្រោងទំនប់ទឹកអូរតេត្រូវបានអនុវត្តជា ២ ជំហាន ដោយជំហានទី១ អនុវត្តក្នុងខែតុលា ឆ្នាំ២០២១ និងបានបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២២ ដោយចំណាយអស់ថវិកាចំនួន ២៨ លានដុល្លារ និងបានស្នើថវិកាបន្ថែមចំនួន ៧ លានដុល្លារ បានបញ្ចប់ក្នុងខែវិច្ឆកា ឆ្នាំ២០២២ សរុបថវិកាចំណាយអស់ចំនួន ៣៥ លានដុល្លារ។
ជំហានទី២ អនុវត្តក្នុងខែកញ្ញា ឆ្នាំ២០២៣ និងបានបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៤ ដោយចំណាយអស់ថវិកាចំនួន ២៧ លានដុល្លារ។
លោក ថោ ជេដ្ឋា បានបន្ថែមថា គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរី គឺជាផ្នែកមួយនៃផែនការមេ របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តីត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះ ក៏នឹងក្លាយជារមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕
评论被关闭。