១៦៥ គម្រោងក្នុងខេត្តព្រះសីហនុទទួលបានគោលការណ៍លើកទឹកចិត្តពិសេស

បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ដាក់ឱ្យ​អនុវត្ត​ជាផ្លូវការ​ «កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្តព្រះសីហនុ​ ឆ្នាំ២០២៤» កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ គិតត្រឹម​ខែតុលា ឆ្នាំ២០២៤ ខេត្តព្រះសីហនុ​មានគម្រោង​សរុប​ចំនួន ១៦៥ ទទួលបាន​គោលការណ៍​លើកទឹកចិត្ត​ពិសេស​។

គម្រោង​ទាំង ១៦៥ នេះរួមមាន​គម្រោង​ខ្នាតមីក្រូ តូច មធ្យម និង ធំ របស់​ម្ចាស់គម្រោង​ និង​ក្រុមហ៊ុនងស្រុក​និង​បរទេស ដែលមាន​វិសាលភាព​នៅគ្រប់​ក្រុង​ស្រុក​នៃ​ខេត្តព្រះសីហនុ ក្នុងនោះ​គម្រោង​ដែលមាន​ទុនវិនិយោគ​លើសពី​ ១០០ លានដុល្លារអាម៉េរិក​មានចំនួន​ ២៣ គម្រោង។ ក្នុងនោះដែរ គម្រោង​ពាក់ព័ន្ធ​នឹងអគារ​ជាប់គាំង​មានចំនួន​៨៥ គម្រោង​ថ្មី​មាន​ចំនួន៦១ ការពង្រីក​គម្រោង​មាន​ចំនួន១៥ និង គម្រោង​មានស្រាប់​ចំនួន៤។

គម្រោង​ទាំងនេះ ​ក៏រាប់បញ្ចូល​គម្រោង​ដែលមាន​សក្តានុពល​សំខាន់​ៗ ដូចជា​គម្រោង​ផលិត​ផ្ទាំងសូឡា​ និង​គ្រឿងបង្គុំ គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង គម្រោង​សួនកសិ-ឧស្សាហកម្ម​ជាដើម។

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោក ហ៊ាន សាហ៊ីប ​ប្រធាន​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្តព្រះសីហនុ បានបើក​​កិច្ចប្រជុំ​លើកទី១១ ដើម្បី​ពិនិត្យ​គម្រោង​វិនិយោគ​ និង​ធុរកិច្ច​ដែលបាន​ស្នើ​ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួល​នីតិវិធី ក្នុងក្របខណ្ឌ​ “កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ឆ្នាំ២០២៤”។

​កិច្ចប្រជុំ​នេះ​​ បាន​សម្រេច​​ឯកភាព​​ជាគោលការណ៍​​ដល់​​គម្រោង​វិនិយោគ​ និង​ធុរកិច្ច​ចំនួន ២៥ ទៀត ក្រោម​ទុនវិនិយោគ​សរុប​ ៩១៧ លានដុល្លារ​ក្នុង​ខេត្តព្រះសីហនុ ដែល​ទទួល​បាន​​ការលើកទឹកចិត្ត​ពិសេស។ ក្នុងនោះ​គម្រោង​ពាក់ព័ន្ធ​ នឹង​អគារ​ជាប់គាំង​​មាន​ចំនួន​១២ គម្រោង​ថ្មីចំនួន​១២ និង ការពង្រីក​គម្រោង​ចំនួន​១ ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន ៩១៧ លានដុល្លារ ដែលមាន​ជាអាទិ៍ រោងចក្រ​ផលិត​សម្ភារ​បរិក្ខារ​តុបតែង​លម្អ​គេហដ្ឋាន រោងចក្រ​ផលិត​កាបូប រោងចក្រ​ផលិត​សម្ភារ​ពីក្រដាស អគារ​ពហុមុខងារ អគារ​ស្នាក់នៅរួម សណ្ឋាគារ ភោជនីយដ្ឋាន និង រមណីយដ្ឋាន។

​មន្រ្តី​​​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្តព្រះសីហនុ​បានឱ្យដឹង​​ថា ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០២៤ វិស័យ​ឯកជន​ជាច្រើន​កាន់តែ​យល់ដឹង ​និង​បានសម្រេចចិត្ត​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុ ពិសេស​រួមទាំង​ការវិនិយោគ​ដែលតម្រង់ទិស ​ឬ​ផ្តោតលើ​ការវិនិយោគ​លើវិស័យ​នានា​ក្រៅពី​កាស៊ីណូ៕

你可能还喜欢

评论被关闭。