កម្ពុជានឹងបើកស្ថានអគ្គកុងស៊ុលប្រចាំខេត្ត Henan ប្រទេសចិន ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យបើកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហឺណាន (Henan) ប្រទេសចិន ដើម្បីបង្កើនទំនាក់ទំនង និងជំរុញការអភិវឌ្ឍលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និង វិនិយោគរវាងខេត្តហឺណាន និងកម្ពុជា។
សម្តេចធិបតីបានលើកឡើង ពីគម្រោងបង្កើតអគ្គស្ថានកុងស៊ុលកម្ពុជាប្រចាំខេត្តហឺណាននេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅទីស្តីការនាយករដ្ឋមន្ត្រីនាវិមានសន្តិភាព កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយណែនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសហការជាមួយ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលនេះ។
សម្តេចបានចាត់ទុកខេត្តហឺណានគឺជាគោលដៅសំខាន់ និងប្រកបដោយសក្តានុពលខ្ពស់មួយសម្រាប់កម្ពុជា ក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និង វិនិយោគជាដើម។
កម្ពុជាបានចាត់ទុកខេត្តហឺណានជាគោលដៅទេសចរណ៍ដ៏សំខាន់ និងមានសក្តានុពលមួយនាពេលអនាគ ហើយកាលពីពេលថ្មីៗនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំគណៈប្រតិភូទៅខេត្តហឺណាន ដើម្បីចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិលើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ព្រមទាំងបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនវិនិយោគ និង ធុរជនក្នុងខេត្តហឺណានផងដែរ។ កម្ពុជាបានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរណ៍ខេត្តហឺណានឱ្យបានចំនួន ១ លាននាក់ក្នុងមួយឆ្នាំ។
ខេត្តហឺណានមានប្រជាជនសរុបចំនួន ៩៨,១៥ លាននាក់ (គិតត្រឹមឆ្នាំ២០២៣) គឺជាតំបន់កសិកម្ម និងស្បៀងអាហារដ៏សំខាន់របស់ប្រទេសចិន។ ឆ្នាំ២០២៣ ខេត្តហឺណានមានផលិតផលសរុបក្នុងស្រុក (GDP) ប្រមាណជិត ៦ ទ្រីលាន (៥ ៩១៣ ២៣៩ លាន) យ័ន។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា រយៈពេល ៩ ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៨ លាននាក់ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣កើនឡើង២២,២% ភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១២,១៦ លាននាក់ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣កើនឡើង៩,៨%។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបណ្តាក្រសួងនិងស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យរាល់ការដាក់ចេញគោលការណ៍ និងនីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ភាពចាំបាច់ និង ប្រសិទ្ធភាព ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍ ដោយទាក់ទាញអ្នកថ្មីនិងថែទាំអ្នកដែលមានស្រាប់៕
评论被关闭。