កម្ពុជាអនុម័តថវិកាប្រមាណ ៩ ៤៨៧ លានដុល្លារ សម្រាប់ទ្រទ្រង់និរន្តភាពស្ថាប័នរដ្ឋនៅឆ្នាំ២០២៥
រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិការដ្ឋសរុបចំនួន ៣៧ ៩៥០ ៣៨៥ លានរៀល (ប្រមាណ ៩ ៤៨៧ លានដុល្លារអាម៉េរិក) ដើម្បីទ្រទ្រង់និរន្តភាព នៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋសម្រាប់ឆ្នាំ២០២៥។
គណៈរដ្ឋមន្ត្រីកម្ពុជា បានបើកកិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលមាន ៦ ជំពូកនិង ១៥ មាត្រា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៣៧ ៩៥០ ៣៨៥ លានរៀល ដើម្បីទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសដើម្បីសម្រេចឱ្យបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។
ថវិកាប្រមាណ ៣៧ ៩៥០ ៣៨៥ លានរៀលដែលរាជរដ្ឋាភិបាលគ្រោងចំណាយត្រូវជា ១៨,១៤% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ក្នុងនោះចំណាយចរន្ត ២៦ ០៥៤ ០១៩ លានរៀលនិងចំណាយមូលធន ១១ ៨៩៦ ៣៦៦ លានរៀល។
យោងតាមសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថវិកាឆ្នាំ២០២៥នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និង ការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត។
អាទិភាពចំណាយថវិកាឆ្នាំ២០២៥ គឺឆ្លើយតបនឹងអាទិភាព និងតម្រូវការចាំបាច់របស់ក្រសួង-ស្ថាប័ននានា ជាពិសេស ការផ្សារភ្ជាប់នូវការអនុវត្តការងារប្រចាំថ្ងៃ ទៅនឹងគោលបំណងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន ដែលនឹងរួមចំណែកសម្រេចគោលនយោបាយជាអាទិភាពរួម របស់រាជរដ្ឋាភិបាល រួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍមូលធនមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការជួសជុល ការថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ជាពិសេសការបង្កើតតម្លៃបន្ថែមក្នុងវិស័យចន្ទល់សេដ្ឋកិច្ច ដែលមានស្រាប់និងអនុវិស័យពាក់ព័ន្ធ ការជំរុញការវិនិយោគក្នុងវិស័យកសិកម្ម ការរៀបចំខ្លួនសម្រាប់ឈោងចាប់យកបច្ចេកវិទ្យាថ្មីៗក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ការពង្រីកវិសាលភាព និង ការពង្រឹងគុណភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ជាពិសេសសេវាអប់រំ សុខាភិបាល យុត្តិធម៌ និង សេវាមូលដ្ឋានចាំបាច់ដទៃទៀត និងការកែទម្រង់អភិបាលកិច្ច និងការពង្រឹងសមត្ថភាពស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការអនុវត្តរបបគាំពារសង្គម ដោយឈរលើគោលការណ៍ប្រសិទ្ធភាព សមធម៌សង្គម ចីរភាព និង ភាពអាចទ្រទ្រង់បាននៃថវិកា។
សូមរម្លឹកថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន៦,៣%។ ការរំពឹងទុកនៃកំណើន៦,៣%នេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ៖ (១) វិស័យឧស្សាហកម្ម នឹងមានកំណើន៨,៦% (២) វិស័យសេវាកម្ម នឹងមានកំណើន៥,៦% និង (៣) វិស័យកសិកម្ម នឹងកើនឡើង១,១%។ ចំណែកអតិផរណាត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់២,៥% ក្នុងនោះវិស័យសង្គមកិច្ចនៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទីមួយ៕
评论被关闭。