កម្ពុជានឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ» នៅពាក់កណ្តាលខែធ្នូ
ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កម្ពុជានឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ» នាថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបុរីប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ។
លោកស្រី ជា រដ្ឋា ប្រកាសអំពីការរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ»
បើតាមលោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី អត្ថប្រយោជន៍ក្នុងការចូលរួម «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ និង ពិព័រណ៍អនឡាញ» កាលពីពេលថ្មីៗនេះបានឱ្យដឹងថា «វេទិកាពាណិជ្ជកម្ម ឌីជីថលកម្ពុជាលើកទី១ និងពិព័រណ៍អនឡាញ» គឺជាព្រឹត្តិការណ៍ដំបូងគេបង្អស់នៅកម្ពុជា និងជាកម្មវិធីអមពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូលលើកទី១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបុរីប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ ក្នុងគោលបំណងជំរុញការបង្កើតថ្មី លើកកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងគាំទ្រការជំរុញផលិតផលក្នុងស្រុកឈានទៅកាន់សកលលោក ក្រោមប្រធានបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល” From Cambodian Made to Global Trade (Cambodian2Global)។ ព្រឹត្តិការណ៍នឹងបង្ហាញពីភាពរីកចម្រើននៃតួនាទីរបស់កម្ពុជានៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។
លោកស្រី ជា រដ្ឋា បានឱ្យដឹងទៀតថា សហគ្រិនកម្ពុជាទាំងអស់អាចចូលរួមសហការក្នុងការដាក់តាំងបង្ហាញលក់ផលិតផលជាតិខ្មែរចូលទៅក្នុងទីផ្សារជាតិនិងអន្តរជាតិ តាមរយៈបណ្ដាញ CambodiaTrade.com ក្នុងឱកាសពិព័រណ៍ខាងមុខនេះ ហើយអ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ថ្មីៗគួរឱ្យកត់សម្គាល់ សម្រាប់អនាគតនៃអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងរបៀបបង្កើតទំនុកចិត្តជាមួយអតិថិជន ដូចជាកម្មវិធីពាណិជ្ជកម្មឌីជីថលនិងបញ្ញាសិប្បនិម្មិត (AI) ការការពារអ្នកប្រើប្រាស់ ការការពារទិន្នន័យ សញ្ញាទុកចិត្តសម្រាប់ E-Commerce ជាពិសេស ក៏មានកម្មវិធីជជែកដេញដោលរបស់យុវជននៅក្នុងប្រធានបទពាណិជ្ជកម្មឌីជីថល កម្មវិធី E-Commerce Awards Night និងអបអរសាទរសមិទ្ធផលក្នុងវិស័យពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាផងដែរ៕
评论被关闭。