កម្ពុជាជំរុញវិស័យឯកជនបង្កើនការនាំចេញទៅកាន់នរ័វេសតាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP

រាជរដ្ឋាភិបាល​កម្ពុជា​ និងស្ថានទូត​ន័រវេសប្រចាំ​កម្ពុជា​ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានប្តេជ្ញា​ជំរុញ​និង​ពង្រីក​ពាណិជ្ជកម្ម​ទ្វេភាគី ដែលអាច​ឱ្យ​ការនាំចេញ​របស់​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ពីប្រព័ន្ធ​អនុគ្រោះ​ពន្ធរបស់​ប្រទេស​ន័រវេស។

ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ធ្វើជា​អធិបតី​ក្នុងពិធី​បើកសិក្ខាសាលា​ស្តីពី​ “ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​ (GSP) របស់​ប្រទេស​ន័រវេស” ជាមួយ​វត្តមាន​របស់​ លោកស្រី Astrid Emilie Helle ឯកអគ្គរដ្ឋទូត​ន័រវេស​ប្រចាំ​កម្ពុជា នៅសណ្ឋាគារ​ Sun & Moon Riverside រាជធានី​ភ្នំពេញ។

ថ្លែងក្នុង​ពិធី​បើកសិក្ខាសាលា​នេះ លោកស្រី ចម និម្មល បានជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចាប់យក​ឱកាស​នាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​ប្រទេស​នរ័វេសឱ្យបាន​កាន់តែច្រើន​បន្ថែមទៀត ជាពិសេស​ដើម្បី​ទាក់ទាញ​ការវិនិយោគ​មកកាន់​កម្ពុជា។

លោកស្រី ចម និម្មល បាន​សាទរ​ចំពោះ​លោកស្រី Astrid Emilie Helle ដែលបាន​ផ្តួចផ្តើម​និង​ផ្ដល់​ការគាំទ្រ​ដ៏ល្អ​ប្រសើរ​ដល់ការ​រៀបចំ​និង​ដំណើរការ​សិក្ខាសាលា​ដ៏សំខាន់​នេះ សម្រាប់​ឱកាស​ធុរកិច្ច​និងវិនិយោគ​ដែល​កំពុងមាន​កំណើន​ក្នុងប្រទេស​ទាំងពីរ ហើយរាជរដ្ឋាភិបាលទាំងពីរពិតជាមានបំណងទាញយកប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នា សំដៅជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរទ្បើងថែមទៀត។

លោកស្រី​បានបញ្ជាក់​ថា  តាមរយៈប្រព័ន្ធ​អនុគ្រោះ​ GSP របស់​ប្រទេស​ន័រវេស ក្រុមហ៊ុន​នាំចេញ​កម្ពុជា​អាចទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពីប្រព័ន្ធ​នេះ តួយ៉ាង​គឺផលិតផល​ទាំងអស់​ដែលមាន​ដើមកំណើត​នៅប្រទេស​កម្ពុជា ទទួលបាន​ការអនុគ្រោះ​រួចពន្ធ (Duty-Free) នៅពេល​នាំចូល​ទៅកាន់​ប្រទេស​ន័រវេស ដោយការនាំចេញ​ទាំងនោះ​ត្រូវអនុលោម​តាមវិធាន​ដើមកំណើតទំនិញ (Rules of Origin) វិធាន​និង​លក្ខខណ្ឌ​ផ្សេងៗ​ដូចមាន​ចែងក្នុង​ប្រព័ន្ធអនុគ្រោះ GSP៕

你可能还喜欢

评论被关闭。