លោក គិត ម៉េង ជំរុញវិនិយោគិនហុងកុងវិនិយោគនៅកម្ពុជា តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាជំរុញវិនិយោគិនហុងកុងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិន ដែលមានស្រាប់។
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចហុងកុងដឹកនាំដោយលោក Dewan Saiful Alam ប្រធានគណៈកម្មាធិការអាស៊ីអាហ្វ្រិក និងមជ្ឈិមបូព៌ា នៃសភាពាណិជ្ជកម្មហុងកុង ដែលបានមកបំពេញបេសកកម្មធុរកិច្ចនៅកម្ពុជា។
បេសកកម្មធុរកិច្ចនៅកម្ពុជារបស់គណៈប្រតិភូធុរកិច្ចហុងកុងនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រឹងរួមគ្នារបស់សភាពាណិជ្ជកម្មទាំងពីរ ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជានិងហុងកុង។ គណៈប្រតិភូធុរកិច្ចហុងកុងមានសមាសភាពមកពីវិស័យពាណិជ្ជកម្ម សុខាភិបាល ថាមពល សេវាកម្មផ្នែកច្បាប់ អចលនទ្រព្យ និង វិស័យទេសចរណ៍។
អ្នកឧកញ៉ា គិត ម៉េង បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចហុងកុងនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់សភាពាណិជ្ជកម្មទាំងពីរក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជានិងហុងកុង។
អ្នកឧកញ៉ាបានគូសបញ្ជាក់អំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងហុងកុង និងបានជំរុញលើកទឹកចិត្តវិនិយោគិនចិនហុងកុងទាញយកប្រយោជន៍ជាអតិបរមាពីទំនាក់ទំនងនេះ ដើម្បីបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយប្រើប្រាស់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមានគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានសង្កត់ធ្ងន់អំពីគោលនយោបាយលើកទឹកចិត្តខ្ពស់ចំពោះវិនិយោគិននិងទីផ្សារដ៏ទូលំទូលាយរបស់កម្ពុជាផងដែរ៕
评论被关闭。