អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ៦ ចំណុច បញ្ជាក់សាជាថ្មីស្តីពី «ការដកខ្លួនចេញពី CLV-DTA

ដោយសារ​បញ្ហា​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ កម្ពុជា ឡាវ និង វៀតណាម (CLV-DTA) នៅតែជា​ប្រធានបទ​ក្តៅ​ដែល​ក្រុម​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​មួយចំនួន​យកមកធ្វើជា​អាជីវកម្ម​នយោបាយ​នោះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជាបានចេញនូវ​សេចក្តី​ថ្លែងការណ៍​ចំនួន ៦ ចំណុច ដើម្បី​ជាការ​បញ្ជាក់​ជូនសាធារណជន​ឱ្យបាន​ជ្រាប។

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សេចក្តី​ថ្លែងការណ៍​របស់អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​មានខ្លឹមសារ​ដូចខាងក្រោម៖

១- រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដកខ្លួន​ចេញពី​ CLV-DTA កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដូចមាន​សារបញ្ជាក់​ច្បាស់លាស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និងសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​កម្ពុជា។

២- ទោះបី​ជាយ៉ាងនេះ​ក៏ដោយ ក៏នៅមាន​ក្រុមប្រឆាំង​ជ្រុលនិយម​មួយក្តាប់​តូចនៅ​ក្រៅស្រុក នៅតែ​បន្ត​យក​បញ្ហា​នេះមក​ធ្វើអាជីវកម្ម​នយោបាយ​ទាំង​ងងឹតងងុល ដោយនិយាយ​ទាំងមិនយល់​អ្វីទាំងអស់​ថា ដើម្បី​បញ្ចប់​កិច្ចសហប្រតិបត្តិការ​នេះ គឺត្រូវ​ឆ្លងកាត់​ការអនុម័ត​ពីរដ្ឋសភា និងត្រូវមាន​ការឡាយ​ព្រះហស្ថលេខា​ដោយព្រះមហាក្សត្រ​កម្ពុជា។

៣- អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូមបញ្ជាក់​ជូនថា CLV- DTA គឺជា​កិច្ចសហប្រតិបត្តិការ​ធម្មតា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ឡាវ​និង​រដ្ឋាភិបាល​​វៀតណាម ដោយមិន​ត្រូវការ​ឆ្លងកាត់​ការផ្តល់​សច្ចាប័ន​ពីរដ្ឋសភា​ឬការឡាយ​ព្រះហស្តលេខា​ពីព្រះមហាក្សត្រទេ។ ដូច្នេះ ការដកខ្លួន​ចេញពី​កិច្ចសហប្រតិបត្តិការ​នេះ គឺជា​ការសម្រេច​របស់​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ។

៤- អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​យល់ឃើញ​ថា ការបន្ត​យកបញ្ហានេះ​មកធ្វើ​អាជីវកម្ម គឺសរបញ្ជាក់​ពីកង្វះខាត​ចំណេះដឹង ខ្វះការ​ស្រាវជ្រាវ និង ខ្វះការ​យល់ដឹង​ខាងផ្លូវ​ច្បាប់​យ៉ាងខ្លាំង​ពីសំណាក់​ក្រុមប្រឆាំង​ជ្រុលនិយម ហើយសកម្មភាព​បែបនេះ​មិនត្រឹមតែ​មិនបាន​ជួយអ្វី​ដល់​ប្រទេសជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាជា​សកម្មភាព​បំផ្លិចបំផ្លាញ​និង​ពង្វក់​ស្មារតី​យុវជន​មួយចំនួន​ឱ្យវង្វេង​តាម​មនោគមវិជ្ជា​នយោបាយ​ជ្រុលនិយម​ដ៏ខ្មៅកក្វក់​និង​ដ៏គ្រោះថ្នាក់​របស់​ខ្លួន​តែប៉ុណ្ណោះ។

៥- អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូមបញ្ជាក់​ជូនថា រាជរដ្ឋាភិបាល​នីតិកាល​ទី៧​នៃរដ្ឋសភា ដឹកនាំ​ដោយសម្តេចធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​​កម្ពុជា មានគោលនយោបាយ​ច្បាស់លាស់​និង​មានឆន្ទៈ​មោះមុត​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ បន្ត​ពីសម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​និង​ជាប្រធាន​ព្រឹទ្ធសភា ដោយធានា​ការពារ​ឱ្យបាន​ជាដាច់ខាត​នូវសុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង ការអភិវឌ្ឍ​លើគ្រប់វិស័យ ដើម្បី​ឈានឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០ ក្លាយជា​ប្រទេស​ ដែលមាន​ចំណូល​ខ្ពស់​តាមការ​គ្រោងទុក ដោយមិន​អនុញ្ញាត​ឱ្យក្រុម​ជ្រុលនិយម​មក​បំផ្លិច​បំផ្លាញ​ឬ​រារាំង​ដំណើរការ​កសាង​ជាតិ​បានជាដាច់ខាត។

៦- រាជរដ្ឋាភិបាល​ប្តេជ្ញា​បន្ត​ការអភិវឌ្ឍ​តំបន់​ព្រំដែន​ភូមិភាគ​ឦសាន ក៏ដូចជា​តំបន់​ព្រំដែន​ទូទាំង​ប្រទេស​ឱ្យកាន់តែ​រីកចម្រើន ដោយរក្សា​ឱ្យបាន​ជាដាច់ខាត​នូវ​អធិបតេយ្យភាព​ជាតិ​ និង​បូរណភាព​ទឹកដី មិនឱ្យ​បាត់បង់​សូម្បី​មួយ​មិល្លីម៉ែត្រ​ឡើយ និងបន្ត​រក្សា​ស្ថានភាព​ព្រំដែន​មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ ដើម្បី​ឧត្តម​ប្រយោជន៍​ជូនប្រទេសជាតិ​និង​ប្រជាពលរដ្ឋ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបានបន្ថែមថា សូមក្រុមប្រឆាំង​ជ្រុលនិយម​ទាំងឡាយ​បញ្ឈប់​ការយកបញ្ហា​ CLV-DTA មកធ្វើ​អាជីវកម្ម​នយោបាយ​បែប​ញុះញង់ និង​បំផ្លិច​បំផ្លាញ​បែបនេះតទៅទៀត៕

你可能还喜欢

评论被关闭。