ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ រួបរួមសាមគ្គីជាតិជាធ្លុងមួយ
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលអំពាវនាវដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ រួបរួមសាមគ្គីជាតិជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញនិងការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលអំពាវនាវបែបនេះនាឱកាសព្រះរាជពិធីមហាមិទ្ទិញ អបអរសាទរខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះអង្គ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលថា ការប្រារព្ធព្រះរាជពិធីរម្លឹកខួបនៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គនាពេលនេះ គឺស្របពេលដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថិរភាពនយោបាយ សន្តិសុខសង្គម ត្រូវបានធានាយ៉ាងពេញលេញ និងស្របពេលរាជរដ្ឋាភិបាលអាណត្តិទី៧ បានបំពេញភារកិច្ចយ៉ាងសកម្មតាមតួនាទីរបស់ខ្លួនក្នុងបុព្វហេតុជាតិនិងប្រជាជន។
ព្រះអង្គទ្រង់បានកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដែលបាននាំនាវាកម្ពុជាប្រែមុខមាត់ថ្មីគួរឱ្យកត់សម្គាល់ ជាពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ។
ព្រះអង្គមានព្រះរាជបន្ទូលបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្ដេចធិបតី បានប្រតិបត្តិតាមមាគ៌ាដ៏ប្រពៃនិងមរតកដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព សាមគ្គីភាពជាតិ ឯកភាពជាតិ និង កិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ ហើយក៏ស្របតាមគោលមាគ៌ាបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ដែលជាព្រះរាជបណ្ដាំចុងក្រោយនៃព្រះករុណា សម្ដេចព្រះបរមរតនកោដ្ឋិកាលពីឆ្នាំ២០១១។
ព្រះអង្គមានព្រះរាជបន្ទូលទៀតថា យើងកំពុងសប្បាយរីករាយនិងទទួលផលជាវិជ្ជមាន ដែលកើតចេញពីកម្លាំងកសាងនិងការពារជាតិមាតុភូមិ ប្រកបដោយសុខដុមរមនារបស់ជនរួមជាតិយើង។
ក្នុងន័យនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញនិងច្បាប់រដ្ឋ ដើម្បីរួមចំណែកការពារនិងកសាងមាតុភូមិលើគ្រប់វិស័យ។ មហាសាមគ្គីជាតិទាំងមូលនេះ ជាមូលដ្ឋានគ្រឹះធ្វើឱ្យស្ថានភាពជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ដែលជាប្រភពកំណត់នៃការអភិវឌ្ឍលើវិស័យនានា ជាពិសេសវិស័យសេដ្ឋកិច្ចដែលជាដង្ហើមរបស់ជាតិ។
ព្រះអង្គបានមានព្រះរាជបន្ទូលបន្ថែមទៀតថា សមិទ្ធផលដ៏ធំធេងទាំងឡាយដែលសម្រេចបាននេះ ពិតជាបានមកតាមរយៈការខិតខំពង្រីកនូវវប្បធម៌សន្តិភាព ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស ការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ការកែលម្អអភិបាលកិច្ច ដើម្បីលើកស្ទួយវិស័យសាធារណៈ និងសមធម៌សង្គម និង ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីបម្រើសំណូមពរនៃការអភិវឌ្ឍជាតិ។
គួររម្លឹកថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដែលជាព្រះរាជពិធីខួប ២០ វស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ ដែលនៅក្នុងនោះមានវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឥស្សរជននៃបណ្ដាស្ថាប័នជាតិជាច្រើនទៀត បានអញ្ជើញចូលរួមថ្វាយព្រះពរព្រះមហាក្សត្រនៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន សម្តេចធិការធិបតី ឃួន សុដារី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញឡើងថ្លែងសារថ្វាយព្រះពរ ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ផងដែរ៕
评论被关闭。