បាក់ឌុបឆ្នាំ២០២៤ បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ និទ្ទេស A ចំនួន ២ ២១៦ នាក់
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៨ តុលា ២០២៤ បានចេញលទ្ធផលជាផ្លូវការហើយ ដោយមានបេក្ខជនប្រឡងជាប់សរុបចំនួន ១០៦ ៣៥១ នាក់ ត្រូវជា៧៩%នៃចំនួនបេក្ខជនប្រឡងសរុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និង កីឡា ដែលបានចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
សកម្មភាពសិស្សចូលប្រឡងបាក់ឌុបកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ក្នុងចំណោមបេក្ខជនប្រឡងជាប់ចំនួន ១០៦ ៣៥១ នាក់ មាននិទ្ទេស A ចំនួន ២ ២១៦ នាក់ និទ្ទេស B ចំនួន ៩ ៧០១ នាក់ និទ្ទេស C ចំនួន ២២ ៦៧៥ នាក់ និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និង និទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។
ដោយឡែក ក្នុងចំណោមសិស្សនិទ្ទេស A ចំនួន ២ ២១៦ នាក់ រាជធានីភ្នំពេញមានចំនួនបេក្ខជនជាប់និទ្ទេស A ច្រើនជាងគេ ស្មើនឹង ៦៩០ នាក់ ឈរនៅលំដាប់លេខ១ ខេត្តសៀមរាប ២២១ នាក់ ខេត្តកណ្តាល ២១៦ នាក់ ខេត្តតាកែវ ១៣៨ នាក់ ខេត្តបាត់ដំបង ១៣០ នាក់ ខេត្តព្រៃវែង ១១៧ នាក់ ខេត្តកំពង់ចាម ១១៥ នាក់ ខេត្តកំពត ៧៨ នាក់ ខេត្តបន្ទាយមានជ័យ ៧៤ នាក់ ខេត្តត្បូងឃ្មុំ ៧០ នាក់ ខេត្តក្រចេះ ៥៦ នាក់ ខេត្តកំពង់ធំ ៥៦ នាក់ ខេត្តកំពង់ឆ្នាំង ៤៧ នាក់ ខេត្តកំពង់ស្ពឺ ៤៧ នាក់ ខេត្តព្រះសីហនុ ៤៥ នាក់ ខេត្តស្វាយរៀង ៣៧ នាក់ ខេត្តពោធិ៍សាត់ ២៨ នាក់ ខេត្តកោះកុង ១៣ នាក់ ខេត្តរតនគិរី ៩ នាក់ ខេត្តឧត្តរមានជ័យ ៨ នាក់ ខេត្តព្រះវិហារ ៦ នាក់ ខេត្តស្ទឹងត្រែង ៥ នាក់ ខេត្តប៉ៃលិន ៥ នាក់ ខេត្តមណ្ឌលគិរី ៣ នាក់ និង ខេត្តកែប ២ នាក់។
ចំនួនបេក្ខជនប្រឡងជាប់និទ្ទេស A ទូទាំង ២៥ រាជធានី-ខេត្តដែលចេញដោយក្រសួងអប់រំ យុវជន និង កីឡា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក៏បានចេញសារអបអរសាទរចំពោះបេក្ខជនដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចផងដែរ។
សម្តេចធិបតីបានមានប្រសាសន៍ថា៖ “សូមចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ ។ ជាមួយគ្នានេះ សម្រាប់ក្មួយៗដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍចំណេះដឹងនិងជំនាញ សម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។
ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម័យប្រឡងឆ្នាំ២០២៣
យោងតាមលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់ពីមូលហេតុមួយចំនួនដែលនាំឱ្យអត្រាបេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំនេះជាប់ច្រើនរហូតដល់៧៩% កើនឡើង៧%ធៀបនឹងឆ្នាំ២០២៣ (៧២%)។ លទ្ធផលនេះកើតចេញមកពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក៏ដូចជាយន្តការកំណែទម្រង់ជាង ១០ ឆ្នាំកន្លងមកនេះ ដោយមិនមែនត្រឹមតែផ្តោតទៅលើកម្រិតក្រសួង ឬគោលនយោបាយទេ គឺផ្តោតទៅលើកំណែទម្រង់សាលារៀន និងធ្វើជាប្រព័ន្ធតែម្តង ដើម្បីជំរុញឱ្យការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ។
សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និង កីឡា នឹងធ្វើឡើងនៅខែសីហាវិញ ដើម្បីបញ្ចៀសនូវផលលំបាកពីគ្រោះទឹកជំនន់៕
评论被关闭。