អង្គការសហប្រជាជាតិ​សន្យាបន្ត​គាំទ្រ​ការអភិវឌ្ឍរបស់កម្ពុជា ដើម្បី​សម្រេចគោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

លោក Muhammad Abdul Muhith ប្រធាន​គណៈប្រតិភូ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ នៃ​​ទីភ្នាក់ងារ​​អង្គការ​​សហប្រជាជាតិ (UN) បានអះអាង​ថា នឹងជំរុញ​​ឱ្យ​ទីភ្នាក់ងារ UN ចំនួន៦ បន្ត​រួមចំណែក​គាំទ្រ​របៀបវារៈ​អភិវឌ្ឍន៍​របស់​កម្ពុជា សំដៅ​​សម្រេច​ឱ្យ​បាន​នូវគោលដៅ​​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព (SDGs) ដើម្បី​​ជាប្រយោជន៍​​ដល់​ប្រជាជន​​គ្រប់រូប ដោយ​មិនទុក​អ្នកណា​ចោល​នោះទេ។

លោក Muhammad Abdul Muhith អះអាង​បែបនេះ នាឱកាស​ចូលជួប​សម្តែង​ការ​គួរសម ​និង​ពិភាក្សា​ការងារ​ជាមួយ​​សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នៅវិមានសន្តិភាព។

លោកបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ និង​ភាពជា​ដៃគូ​​ដ៏​ល្អ​​ប្រសើរ​​រវាង​​ទីភ្នាក់ងារ​ UN និង​រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​​បានកោតសរសើរ​​ចំពោះ​​ការរីកចម្រើន​​ដ៏ឆាប់រហ័ស​នៅកម្ពុជា ក្នុងនោះ​រួមមាន​ការផ្ដល់​សេវា​សុខាភិបាល សេវា​អប់រំ ព្រមទាំង​ការចូលរួម​របស់​ស្ត្រី​និង​យុវជន​នៅតាម​សហគមន៍​មូលដ្ឋាន។

ជាការ​ឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៅកម្ពុជា បានឆ្លុះបញ្ចាំង​អំពី​ភាពជា​ដៃគូ​ដ៏រឹងមាំ​រវាង​កម្ពុជា​និង UN ដែលនឹង​បន្ត​រួមចំណែក​ដល់ការ​អភិវឌ្ឍ​ប្រកប​ដោយភាពធន់ បរិយាប័ន្ន និង ចីរភាព​នៅកម្ពុជា។

សម្ដេចធិបតី​មានប្រសាសន៍​បន្ថែម​ទៀតថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នាពេលនេះ ក៏បានផ្ដល់នូវ​ទស្សនទាន​និង​ការយល់ដឹង​បន្ថែម​ទៀតដល់​គណៈប្រតិភូ អំពី​គោលដៅ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជា ការសម្រេច​បានជា​សមិទ្ធផល​របស់​កម្ពុជា​និង​វិស័យ​សក្ដានុពល​សម្រាប់​កិច្ចសហប្រតិបត្តិការ ដើម្បី​ជាប្រយោជន៍​ដល់​ប្រជាជន​និង​ប្រទេស​កម្ពុជា។

ក្នុងជំនួប​នេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Muhammad Abdul Muhith ក៏បាន​ពិភាក្សា​អំពី​ការពង្រឹង​និង​ពង្រីក​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​ទីភ្នាក់ងារ​ UN លើវិស័យ សំខាន់ៗ រួមមាន​វិស័យ​សុខាភិបាល វិស័យ​អប់រំ ការបណ្តុះបណ្តាល​ ប្រព័ន្ធ​សុវត្ថិភាព​សង្គម ការប្រែប្រួល​អាកាសធាតុ ថាមពល​ស្អាត សមភាព​យេនឌ័រ ព្រមទាំង​តួនាទី​របស់​​ស្រ្តី​និង​យុវជន​ជាដើម។

សូមរម្លឹកថា ទីភ្នាក់ងារ​ UN ទាំង៦ ដែលនឹង​បន្ត​រួមចំណែក​គាំទ្រ​របៀបវារៈ​អភិវឌ្ឍន៍​របស់​កម្ពុជា រួមមាន កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) មូលនិធិ​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង (UNOPS) អង្គការ​មូលនិធិ​សង្គ្រោះ​កុមារ​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ (UNICEF) អង្គការ​ស្ត្រីរបស់​អង្គការ​សហប្រជាជាតិ (UNWOMAN) និង អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP)៕

你可能还喜欢

评论被关闭。