កូរ៉េ៖ ពលករកម្ពុជាគឺជាដៃគូសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ

កូរ៉េ​ខាងត្បូង​បានចាត់ទុក​ពលករ​កម្ពុជា​ ដែលបាន​និងកំពុងតែ​​បំពេញ​​ការងារ​​នៅក្នុង​​ទឹកដី​ប្រទេស​កូរ៉េ គឺជា​ដៃគូ​ដ៏សំខាន់​​ក្នុងការ​ជួយជំរុញ​​កំណើន ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​កូរ៉េ។

ភាគីកូរ៉េ​បានលើកឡើង​បែបនេះ​ ខណៈពេល​​ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួល​ជួប​ពិភាក្សា​​ការងារ​​ជាមួយលោក គីម ហាន់ហ្គីល (Kim Han-Gil) ប្រធាន​​គណៈកម្មាធិការ​​រួបរួមជាតិ​ នៃ​ការិយាល័យ​ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង នា​ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមាន​សន្តិភាព។

នៅក្នុង​ជំនួបនោះ លោក គីម ហាន់ហ្គីល បានសរសើរ​​ការអភិវឌ្ឍ​​និង​ការរីកចម្រើន​​ដ៏ឆាប់​រហ័ស​លើ​គ្រប់វិស័យ ​របស់​ប្រទេស​កម្ពុជា និងបានបង្ហាញ​​នូវ​សុទិដ្ឋិនិយម​​ថា ក្រោម​ការ​​ដឹកនាំ​ដ៏ឈ្លាសវៃ​របស់​សម្ដេចធិបតី កម្ពុជា ​នឹងកាន់តែ​​អភិវឌ្ឍ​រីកចម្រើន​ខ្លាំងក្លា​​ថែមទៀត។

លោក គីម ហាន់ហ្គីល ក៏បាន​សម្ដែង​ក្ដីរីករាយ ​ចំពោះ​ទំនាក់ទំនង​​ដ៏ល្អប្រសើរ​រវាង​​ប្រទេស​ទាំង​ពីរ កម្ពុជា-កូរ៉េ និង​បាន​វាយតម្លៃ​ខ្ពស់​​ចំពោះ​​ការរួម​ចំណែក​របស់​ពលករ​កម្ពុជា​​នៅកូរ៉េ ក្នុងការ​ជំរុញ​​កំណើន​​សេដ្ឋកិច្ច ដោយលោក​បាន​លើកឡើង​​ថា រដ្ឋាភិបាល​កូរ៉េ​ចាត់ទុក​​ពលករ​បរទេស​ រួមទាំង​ពលករ​កម្ពុជា​​នៅកូរ៉េ គឺជាដៃគូ​ដ៏សំខាន់​​មួយ​ក្នុងការ​ជំរុញ​កំណើន​ ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កូរ៉េ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង​នូវការពេញចិត្ត​ចំពោះ​ការរីកចម្រើន​នៃទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ ដែលបាន​ដំឡើង​កម្រិត​ទំនាក់ទំនង​ដល់ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​កាលពី​ខែឧសភា ឆ្នាំ២០២៤​ ដែលនេះ​កាន់តែ​ជំរុញ​កិច្ចសហប្រតិបត្តិការ​កម្ពុជា-កូរ៉េ​ឱ្យកាន់តែ​រឹងមាំ​ថែមទៀត។

សម្ដេចធិបតី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​កូរ៉េ​ ដែលតែងតែ​បានជួយ​ដល់ការកសាង​និង​អភិវឌ្ឍ​កម្ពុជា តាមរយ:​ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ការបណ្ដាក់ទុន​វិនិយោគ​លើវិស័យ​អចលនទ្រព្យ ធនាគារ កសិកម្ម កម្មន្តសាល និង វិស័យ​ឧស្សាហកម្ម​ជាដើម។ ទន្ទឹមនឹងនេះ សម្ដេចធិបតី​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​កូរ៉េ​ ដែលបាន​​ផ្តល់ការ​គាំពារ​​ដល់ពលករ​កម្ពុជា​ដែលកំពុង​បំពេញ​​ការងារ​នៅក្នុង​ប្រទេសកូរ៉េ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​លើកទឹកចិត្ត​ឱ្យលោក គីម ហាន់ហ្គីល បន្ត​កិច្ចសហការ​ដ៏ល្អ​និង​សកម្ម​ជាមួយ​ក្រសួង​-ស្ថាប័ន​កម្ពុជា ដើម្បី​សម្រេច​បាននូវ​សមិទ្ធផល​ជាប្រយោជន៍​ដល់ប្រទេស​ទាំងពីរ។

យោងតាម​ទិន្នន័យ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីៈ​កម្ពុជា​បានបង្ហាញថា ពីឆ្នាំ២០០៧ ​ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កម្ពុជា​បានបញ្ជូន​ពលករ​សរុប​ចំនួន ១០៥ ៨៤៤ នាក់ (ស្រី ២៣ ០៧៦ នាក់) ទៅធ្វើការ​នៅកូរ៉េ​ខាងត្បូង ក្រោមប្រព័ន្ធ​អនុញ្ញាត​មុខរបរ។ ក្នុងនោះ ពលករ​បន្ត​អាណត្តិ​មានចំនួន ១៣ ៩២៦ នាក់ (ស្រី ២ ៥០២ នាក់)។ ពលករ​កម្ពុជា​បម្រើការ​ក្នុងវិស័យ​ឧស្សាហកម្ម (៦៥ ៣១៧ នាក់) កសិកម្ម (៣៥​ ០១១ នាក់) និង សំណង់ (៥ ៥១៦ នាក់)។

­គិតត្រឹម​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ពលករ​កម្ពុជា​ចំនួន ៤៥ ១៧០ នាក់ (ស្រី ១២ ០៣៩ នាក់) កំពុង​ធ្វើការ​នៅកូរ៉េ​ខាងត្បូង ដោយទទួលបាន​ប្រាក់បៀរវត្សរ៍​ប្រចាំខែ​ជាមធ្យម​ប្រមាណ ១ ៤៥០ ដុល្លារអាម៉េរិក។

ពលករ​​កម្ពុជា​​ដែល​ធ្វើការ​​នៅក្រៅ​ប្រទេស​មាន​ចំនួន​​ជាង​ ១,៣​ លាន​នាក់ ដោយបាន​ផ្តល់​ចំណូល​​ចូលមក​​កម្ពុជា​​វិញ​ជាង ២ ៧០០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ដែល​នេះ​ជា​សក្តានុពល​មួយ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។ ពលករ​កម្ពុជា​ទៅបម្រើការ​នៅប្រទេស​ថៃ​ច្រើនជាងគេ គឺចំនួន​ប្រមាណ ១,២ លាននាក់ កូរ៉េ​ខាងត្បូង​ប្រមាណ​ ៤៥ ៩០០ នាក់ ម៉ាឡេស៊ី​ប្រមាណ ២៣ ០០០ នាក់ ជប៉ុនប្រមាណ ១១ ៤៥០ នាក់ សិង្ហបុរី​ប្រមាណ ៨០០ នាក់ ទីក្រុង​ហុងកុង​ប្រមាណ ២០០ នាក់ និង ប្រទេស​អារ៉ាប់ប៊ី​សាអូឌីតប្រមាណ ៤០ នាក់៕

你可能还喜欢

评论被关闭。