សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណលោកបណ្ឌិត ម៉ុង ឫទ្ធី ដែលស្ម័គ្រចិត្តចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា

នៅព្រឹក​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​ បានទទួលទាន​អាហារ​ពេលព្រឹក​ជាមួយគ្នា និងបាន​ជជែក​អំពី​ការអភិវឌ្ឍវិស័យ​កសិកម្ម​របស់កម្ពុជា។

បើយោងតាម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោកបណ្ឌិត ម៉ុង ឫទ្ធី ដែលបាន​បង្ហោះ​នៅថ្ងៃទី១ វិច្ឆិកានេះបានឱ្យដឹងថា វេលាម៉ោង​៨ព្រឹក​​ សម្តេចធិបតី​បានផ្តល់​​កិត្តិយស​​ដ៏​មហា​ខ្ពង់ខ្ពស់​បំផុត​ ពិសា​អាហារ​​ពេលព្រឹក​​និង​ពិភាក្សា​លើ​វិស័យ​​ផលិត​ជី​សរីរាង្គ ​(ជីធម្មជាតិ)​ ដើម្បី​លក់ចែកជូន​ប្រជាកសិករ​ខ្មែរ​​ក្នុង​តម្លៃ​​ទាបជាង​​ជីនាំចូល​​មកពី​​បរទេស​ និង​ជួយ​ជំរុញ​ពង្រីក​​វិស័យ​​ទេសចរណ៍​​ធម្មជាតិ​ឱ្យ​កាន់តែ​ច្រើន​​បន្ថែម​ទៀត។

លោកបណ្ឌិត ម៉ុង ឫទ្ធី បានឱ្យដឹងទៀតថា ក្រោយ​ពី​បានជួប​​ពិភាក្សា​​រយៈពេល​​ ១ ​ម៉ោងនិង ១៥ នាទី​រួច​មក​ លោកពិតជា​មានការ​​កោត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​បំផុត​ចំពោះ​ភាព​ឈ្លាសវៃ​ដ៏​ខ្ពង់ខ្ពស់​បំផុតរបស់​សម្តេច​ធិបតី​ ដោយស្ទើរតែ​គ្រប់ពាក្យទាំងអស់​គឺសម្តេច​គិតគូរ​តែពី​ផលប្រយោជន៍​ជាតិនិង​ប្រជាជន។

លោកបាន​អះអាង​ថា៖ “ខ្ញុំ​បាទ​នឹងខិតខំ​ប្រឹងប្រែង​រកគ្រប់​មធ្យោបាយ​ ដើម្បី​អនុវត្តឱ្យបាន​តាម​អនុសាសន៍​​របស់​សម្តេច​ ដើម្បី​បាន​ចូលរួម​ចំណែក​បម្រើជាតិ​និងប្រជាជនលើវិស័យ​កសិកម្ម​ កសិ-ឧស្សាហកម្ម​ និង ​ទេសចរណ៍​ធម្មជាតិ​នេះ​។”

ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​ចែករំលែក​ខ្លឹមសារ​របស់​លោកបណ្ឌិត ម៉ុង ឫទ្ធី លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្តេច​ផងដែរ។

សម្តេចធិបតី​បានសរសេរ​ថា៖ “សូមអរគុណ​ឯកឧត្តមពូ ដែលបាន​ចែករំលែក​បទពិសោធន៍​និង​ស្ម័គ្រចិត្ត​ចូលរួម​រក​ដំណោះស្រាយ​ជាយុទ្ធសាស្ត្រ​សំខាន់​មួយ​សម្រាប់​វិស័យ​កសិកម្ម​និង​កសិករយើង”៕

你可能还喜欢

评论被关闭。