ចិនដាក់គោលដៅនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានលើស ៥០% នៃផលិតកម្មចន្ទីសរុបរបស់កម្ពុជា

សមាគម​ស្វាយចន្ទី​កម្ពុជា​បានឱ្យដឹងថា ក្រុមហ៊ុន​ចិន​ខេត្តគ័ងស៊ី (Guangxi) បានដាក់​គោលដៅ​នាំចេញ​គ្រាប់ស្វាយចន្ទី​​ពី​​កម្ពុជា​​ឱ្យបាន​លើស ៥០% ​នៃផលិតកម្ម​ចន្ទី​សរុប​របស់​កម្ពុជា​ សម្រាប់​រយៈពេល​ជាក់លាក់​មួយ។

កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ស៊ុយ កុកធាន អនុប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​ បានជួប​ប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​ខេត្តគង័ស៊ី ក្នុងកិច្ចសហប្រតិការ​ស៊ីជម្រៅ​ទាក់ទង​ នឹងស្វាយចន្ទី​កម្ពុជា។

លោក ស៊ុយ កុកធាន បានឱ្យដឹងថា ក្រុមហ៊ុន​រដ្ឋ​​និង​​ឯកជន​របស់​ខេត្តគង័ស៊ី​​បានដាក់​គោល​ដៅ​ចំនួនពីរ៖ ​ទី១ នាំចេញ​គ្រាប់ស្វាយចន្ទី​កម្ពុជា​​ឱ្យបាន​​លើស ៥០% នៃផលិតកម្ម​ចន្ទី​សរុប​សម្រាប់​រយៈ​ពេល​ជាក់លាក់​មួយ។ ទី២ រួមសហការ​បង្កើត​ជា E-Commerce Platform សម្រាប់​​នាំយក​ស្វាយចន្ទី​កម្ពុជា​ ទៅកាន់​ទីផ្សារ​ធំៗ​លើពិភពលោក ជាពិសេស​ទីផ្សារ​ប្រទេស​ចិន។

គួររម្លឹកថា កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សមាគម​ស្វាយចន្ទី​កម្ពុជា​បានចុះ​អនុស្សារណៈ​យោគ​យល់​ជាមួយ​រដ្ឋបាល​​គយ​ចិន​នៅទីក្រុង​ណាននីង ខេត្តគ័ងស៊ី ប្រទេស​ចិន ដើម្បី​​សម្រួល​​ការ​នាំ​ចូល​គ្រាប់ស្វាយចន្ទី​​និង​ផលិតផល​កសិកម្ម​មួយ​ចំនួន​ចូលក្នុង​ខេត្តគ័ងស៊ី​ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ប្រទេស​ទី៣។

យោងតាម​សមាគម​ស្វាយចន្ទី​កម្ពុជា គិតត្រឹម​រយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ២០២៤ កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទី​ចំនួន ៨៤ ម៉ឺនតោន កើនឡើង​២៦% ក្នុងនោះ​នាំចេញទៅ​វៀតណាម​​បានជាង ៧៩ ម៉ឺនតោន គិតជា​ទឹកប្រាក់​ចំនួន ១,១ ប៊ីលានដុល្លារអាម៉េរិក កើនឡើង​៣៦% ខណៈ​តម្លៃ​កើន៩% បើធៀប​រយៈពេល​ដូចគ្នា​នៅឆ្នាំ​២០២៣។

ដោយឡែក យោងតាម​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ គិតត្រឹម​ឆ្នាំ២០២៤ កម្ពុជា​​មានផ្ទៃ​ដី​ដាំដុះ​ដំណាំ​ស្វាយចន្ទី​សរុប​ចំនួន ៥៨០ ១១៧ ហិកតា និងមាន​សក្ដានុពល​ផលិតកម្ម​ចំនួន ៨១៦ ៤៥៩ តោន​ក្នុងមួយឆ្នាំ ហើយកម្ពុជា​ឈរក្នុង​ចំណោម​ប្រទេស​ចំនួន ៣ ដែល​ផលិត​ស្វាយចន្ទី​ច្រើនជាងគេ​នៅលើ​ពិភពលោក៕

你可能还喜欢

评论被关闭。