សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ

នៅល្ងាច​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា បានជួប​សំណេះសំណាល​ និង​ពិសា​ភោជនាហារ​សាមគ្គី​ជាមួយ​ក្រុមកីឡា​បាល់ទាត់​តារា​កម្ពុជា ​និង​ក្រុមកីឡា​ប្រដាល់​គុនខ្មែរ នៅមជ្ឈមណ្ឌល​សន្និបាត​និង​ពិព័ណ៌​ជ្រោយចង្វា។

សម្តេចតេជោ ហ៊ុន សែន បានសម្តែង​នូវការអបអរសាទរ​​ចំពោះ​ការប្រកួត​របស់​កីឡាករ​បាល់ទាត់​គុនខ្មែរ ដែលទទួលបាន​ថវិកា​រហូតដល់​ប្រមាណ ១ ប៊ីលានរៀល (ប្រមាណ ២៥ ម៉ឺនដុល្លារអាម៉េរិក) កាលពីពេល​កន្លងទៅនេះ។

សម្ដេចតេជោ​មានប្រសាសន៍​ទៀតថា កីឡា​គុនខ្មែរ​យើងបច្ចុប្បន្ន​នេះ​កំពុង​មានការ​រីកចម្រើន​ ប៉ុន្តែការរីកចម្រើន​នេះបាន​ប្រមូលផ្តុំ​នៅតែ​រាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ កីឡា​គុនខ្មែរ​នឹងរីកចម្រើន​​លូតលាស់​ជាងនេះ​នាពេលខាងមុខ បើសិនជា​មានការ​គាំទ្រ​ឱ្យបាន​ដិតដល់​ជាងនេះទៀត។

សម្តេចតេជោ​ក៏បាន​លើកឡើង​អំពី​ការផ្គូរផ្គង​កីឡាករ​ឱ្យប្រកួត​រាល់សប្តាហ៍​ពេក នឹងធ្វើឱ្យ​ខូចកីឡាករ​និង​ឆាប់ចុះខ្សោយ​កម្លាំង ដូច្នេះ​អ្នកគ្រប់គ្រង​កីឡាករ​ប្រដាល់​ទាំងអស់​ត្រូវបន្ត​យកចិត្ត​ទុកដាក់​លើការ​ផ្គូរផ្គង​កីឡាករ មិនអាច​ផ្គូរផ្គង​ឱ្យប្រកួត​រាល់សប្តាហ៍​នោះទេ មិនអាច​ចេះតែ​ធ្វើតាម​ចំណង់​ចំណូលចិត្ត​នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យ​មានការ​ពិចារណា​ជួយគាំទ្រ​ការបណ្តុះបណ្តាល​តាមបណ្តា​ក្លិបគុនខ្មែរ​នៅតាម​ខេត្តនានា​ទូទាំង​ប្រទេស តាមរយៈ​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់ក្លិប​គុនខ្មែរ​នានា ដើម្បីផ្ដល់ជា​កម្លាំងចិត្ត​ដល់កីឡាករ និងដើម្បី​ភាពរីកចម្រើន​នៃកីឡា​គុនខ្មែរ​នាពេល​ខាងមុខ។

សម្តេចតេជោ​បានសង្កត់ធ្ងន់​ថា កីឡាករ​មិនត្រូវ​បោះបង់​ចោលការសិក្សា​ព្រោះតែ​ហ្វឹកហាត់​កីឡា​នោះទេ គឺត្រូវតែ​បន្ត​ការសិក្សា​ឱ្យបាន​ជាប់លាប់​ ដើម្បី​ជាប្រយោជន៍​នាពេល​អនាគត៕

你可能还喜欢

评论被关闭。