កម្ពុជានិងម៉ាកាវចុះអនុស្សារណៈយោគយល់ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម
កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ ប្រទេសចិន បានចុះអនុស្សារណៈយោគយល់ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារដៃគូដែលមានអ្នកផ្គត់ផ្គង់ និងបញ្ជាទិញប្រមាណជាង ១០០០ កន្លែងនៅទូទាំងទីក្រុងម៉ាកាវ និងទីក្រុងហុងកុង។
ពិធីចុះអនុស្សារណៈយោគយល់នេះ ធ្វើឡើងនៅទីក្រុងម៉ាកាវ រវាងលោក លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក KIT HENG LEI នាយកប្រតិបត្តិសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ (MUSA) ក្រោមអធិបតីភាពរបស់លោក Gao Kaixian ប្រធានក្រុមប្រឹក្សានីតិបញ្ញាតិ្ត និង លោក Dong Wei តំណាងការិយាល័យទំនាក់ទំនងសេដ្ឋកិច្ចនៃរដ្ឋបាលកណ្តាល នៃរដ្ឋបាលពិសេសម៉ាកាវ។
ការចុះអនុស្សារណៈយោគយល់នេះ ធ្វើឡើងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារដៃគូដែលមានអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញផលិតផលជាច្រើនប្រភេទចូលទៅកាន់ទីផ្សារទំនិញ ផ្សារទំនើបតូច-ធំ ភោជនីយដ្ឋាន សណ្ឋាគារ និង រីហ្សត ប្រមាណជាង ១០០០ កន្លែងនៅទូទាំងទីក្រុងម៉ាកាវ និងហុងកុង។ ទន្ទឹមនឹងនេះ គឺក្នុងបំណងផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារដៃគូ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការល្អជាមួយនឹងសមាគម MUSA ដែលមានអ្នកផ្គត់ផ្គង់សំខាន់ៗ រួមមានសហគ្រាស និងក្រុមហ៊ុនតូចធំប្រមាណជិត ៣០០ ដែលជាអ្នកផ្គត់ផ្គង់ចែកចាយកសិផលនិងម្ហូបអាហារជាសមាជិក។
រហូតមកដល់ពេលនេះ មានសមាជិកដែលជាអ្នកផ្គត់ផ្គង់ និងចែកចាយជាច្រើនរបស់សមាគម MUSA បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបញ្ជាទិញទំនិញកសិផលរបស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារនៅទីក្រុងម៉ាកាវ និងហុងកុងនាពេលដ៏ខ្លីខាងមុខផងដែរ៕
评论被关闭。