សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំកំពូលនានានៅប្រទេសចិន

ក្រសួង​ការបរទេស​​និង​​សហប្រតិបត្តិការ​​អន្តរជាតិ​​កម្ពុជា​ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញ​​សេចក្តី​ប្រកាស​​ព័ត៌មាន​ថា សម្តេច​​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​​កម្ពុជា នឹង​ដឹកនាំ​គណៈ​ប្រតិភូ​​ជាន់ខ្ពស់​​កម្ពុជា​​ទៅ​​ប្រទេស​ចិន ដើម្បី​​ចូលរួម​​កិច្ចប្រជុំ​​កំពូល​​នានា​ដែល នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង​​គុនមិញ ខេត្ត​យូណាន។

សេចក្តី​​ប្រកាស​​ព័ត៌មាន​បានឱ្យ​ដឹង​ថា សម្តេច​ធិបតី ហ៊ុន ម៉ាណែត នឹង​ចូលរួម​​កិច្ចប្រជុំ​​កំពូល​​មហា​អនុតំបន់​​មេគង្គ (GMS) លើកទី៨ ក្រោម​មូលបទ «ឆ្ពោះទៅកាន់​​សហគមន៍​​កាន់តែ​​ប្រសើរ​ឡើង តាមរយៈ​ការអភិវឌ្ឍ​​ដែល​ជំរុញ​​ដោយនវានុវត្តន៍» កិច្ច​ប្រជុំ​​កំពូល​​កិច្ច​សហប្រតិបត្តិការ​​សេដ្ឋកិច្ច​​អាយ៉េយ៉ាវ៉ាឌី -​ចៅប្រាយ៉ា​-មេគង្គ (អេកម៉ិក-ACMECS) លើក ទី១០ ក្រោម​មូលបទ «ឆ្ពោះទៅកាន់​​ការតភ្ជាប់​​ដោយ​រលូន​​សម្រាប់​សមាហរណកម្ម​​អនុ​តំបន់​​មេគង្គ និង កិច្ចប្រជុំ​​កំពូល​កិច្ចស​ហប្រតិបត្តិការ​​កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូល​បទ «មិត្តភាព​ និង​​សាមគ្គីភាព​​សម្រាប់​​សហគមន៍​ប្រកប​ដោយ​​ភាព​ធន់​និង​វិបុលភាព»។

កិច្ចប្រជុំ​​កំពូល​​ទាំងនេះ នឹង​ពិនិត្យ​លើ​​សមិទ្ធិផល​​ដែល​សម្រេច​បាន និងកំណត់​​ទិសដៅ​​អនាគត​ សម្រាប់​ការ​ពង្រីក​​កិច្ចសហប្រតិបត្តិការ និង​ជំរុញ​​បន្ថែម​នូវ​ទំនុកចិត្ត​​ទៅវិញ​ទៅមក។  កិច្ចប្រជុំទាំងនេះ ក៏ដើម្បី​ពង្រឹង​ភាពជាដៃគូ​ក្នុងចំណោម​បណ្តា​ប្រទេស​សមាជិក​ដែលរួមចំណែក​ដល់ការ​អភិវឌ្ឍសង្គម​-សេដ្ឋកិច្ច និងការលើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​ក្នុង​តំបន់ ព្រមទាំង​បង្ហាញ​ផងដែរ​អំពី​សារៈ​សំខាន់​នៃ​សន្តិភាព​ប្រកប​ដោយ​និរន្តភាព និងការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង ក៏ដូចជា​ការរួមរស់​ដោយសន្តិ​សហវិជ្ជមាន​ក្នុងចំណោម​ប្រទេស​សមាជិក។

សេចក្តី​ប្រកាស​ព័ត៌មាន​បានបញ្ជាក់​បន្ថែម​ថា ក្នុងអំឡុងពេល​ស្នាក់នៅ​ក្នុងទីក្រុង​គុនមិញ សម្ដេចធិបតី​គ្រោងនឹង​មានជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​និង​ធុរជនបរទេស​ផងដែរ៕

你可能还喜欢

评论被关闭。