ADB ផ្តល់ជំនួយឥតសំណង ១០ លានដុល្លារ ដើម្បីឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រនៅកម្ពុជា

ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារ​​អភិវឌ្ឍន៍​​អាស៊ី (ADB) បានអនុម័ត​​ហិរញ្ញប្បទាន​ឥត​សំណង​​ចំនួន ១០ លាន​ដុល្លារ​អាម៉េរិក ដើម្បី​​គាំទ្រ​​ការឆ្លើយតប​​នឹង​​អំពើ​ហិង្សា​​​ដែល​ទាក់ទង​​នឹង​យេនឌ័រ (GBV) នៅកម្ពុជា ក្នុងគោល​បំណង​​ជួយកម្ពុជា​​សម្រេច​​គោលដៅ​​ជាប្រទេស​​​គ្មានអំពើ​​ហិង្សា​​ដែលទាក់ទង​នឹង​យេនឌ័រ​នៅ​​ឆ្នាំ២០៣០។

ADB បានឱ្យដឹងថា សម្រាប់​គម្រោង​​ពង្រឹង​​ប្រព័ន្ធ​​សម្រាប់​​ប្រទេស​​ដើម្បី​​ការបង្ការ​ និង​ឆ្លើយតប​​នឹង​អំពើ​​ហិង្សា​​​ដែលទាក់ទង​​​នឹង​​យេនឌ័រ ជាគំនិត​​ផ្តួចផ្តើម​​ដោយឡែក​​ដំបូង​​របស់​មូលនិធិ​​អភិវឌ្ឍន៍​​​អាស៊ី ​(ADF) ដែលផ្តោត​​ជាពិសេស​​លើសមភាព​យេនឌ័រ​ក្នុងតំបន់​​អាស៊ីអាគ្នេយ៍ ហើយបង្កើត​​ទំនាក់ទំនង​​​ច្បាស់លាស់​​រវាង​​ប្រព័ន្ធ​​អភិបាលកិច្ច ការគ្រប់គ្រង​​​ហិរញ្ញវត្ថុ​​សាធារណៈ ព្រមទាំង​​គុណភាព​ និង​លទ្ធភាព​​ទទួល​បាន​សេវាកម្ម​​ឆ្លើយតប​នឹង GBV។

គម្រោង ១០ លាន​ដុល្លារ​នេះ ត្រូវបាន​​ផ្តល់ហិរញ្ញប្បទាន​​ជាជំនួយ​ឥត​សំណង​​ពីមូលនិធិ​​​អភិវឌ្ឍន៍​​អាស៊ី ដែល​គាំទ្រ​ដល់​ប្រទេស​សមាជិក​​កំពុង​​អភិវឌ្ឍ​របស់ ADB ដែលត្រូវការ​​ជំនួយ​គាំ​ទ្រ​​នេះ​បំផុត។

គម្រោង​នេះនឹង​​ពង្រឹង​​ក្របខណ្ឌ​ច្បាប់​និង​ស្ថាប័ន​តាមរយៈ​ការធ្វើបច្ចុប្បន្នភាព​ច្បាប់​របស់​​កម្ពុជា​​ស្តីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ធ្វើឱ្យ​ប្រសើរឡើង​នូវការផ្តល់​សេវា​នៅថ្នាក់​មូលដ្ឋាន​ ដោយពង្រឹង​គុណ​ភាព​ និង​លទ្ធភាព​ទទួល​បាន​សេវា​ឆ្លើយតប​និង​ចាត់ចែង​ជម្រក​សុវត្ថិភាព​សម្រាប់​ជនរងគ្រោះ ជាពិសេស​​នៅតំបន់​​ជនបទ និងជំរុញ​ការប្រើប្រាស់​ដំណោះស្រាយ​ឌីជីថល​នៅក្នុង​កម្មវិធី​មានមូលដ្ឋាន​នៅសាលារៀន​និង​​នៅ​​សហគមន៍​សម្រាប់​មនុស្ស​វ័យជំទង់ ដើម្បី​ពង្រឹង​សេវា​ការពារ។

បើយោងតាម ADB ចំនួន​ករណី GBV នៅតែ​បន្ត​មានច្រើន ទោះបីជា​ប្រទេស​កម្ពុជា​បានបោះ​ជំហាន​យ៉ាងសំខាន់​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង GBV ដែលក្នុងនោះ​រាជរដ្ឋាភិបាល​និង​អង្គការ​សង្គមស៊ីវិល​បានធ្វើ​ការសាកល្បង​​វិធីសាស្រ្ត​​បង្ការ​ប្រកបដោយ​ជោគជ័យ​ក៏ដោយ។

ចាប់តាំង​ពីឆ្នាំ២០១៤ កម្រិត​អត្រា​ករណី​អំពើ​ហិង្សា​បង្ក​ដោយ​ដៃគូ​ស្និទ្ធស្នាល​បានថយចុះ ៨ ពិន្ទុ​ភាគរយ​​មក២១% សម្រាប់​ចំនួន​ស្ត្រី (អាយុ ១៥ ដល់ ៤៩ ឆ្នាំ) ដែលទទួលរង​អំពើ​ហិង្សា​យ៉ាងហោចណាស់​ម្តង​ក្នុង​ជីវិត​ពួកគាត់ នេះបើ​យោងតាម​អង្គការ​​សុខភាព​​ពិភព​លោក។ ទោះបី​កម្រិត​នេះប្រសើរ​ជាង​កម្រិត​មធ្យមភាគ​ពិភពលោក​និង​អាស៊ីអាគ្នេយ៍​ដែលមាន​៣០% កម្ពុជា​នៅតែ​ប្រឈមមុខ​នឹង​ឧបសគ្គ ដោយសារ​ការឆ្លើយតប​មិនទាន់​រលូន​ បណ្តាល​មកពី​ភ្នាក់ងារ​​សាធារណៈ​ច្រើននិង​សេវា​ថែទាំ​ដែលផ្តោត​លើជនរងគ្រោះ​នៅមានកម្រិត។

គម្រោង​នេះនឹង​លើកកម្ពស់​ដំណោះស្រាយ​​ឌីជីថល​សម្រាប់​ការទទួលបាន​ព័ត៌មាន ការអប់រំ និង ធនធាន​ទំនាក់ទំនង២៤/៧ (២៤ម៉ោងក្នុង ១ ថ្ងៃនិង ​៧ ថ្ងៃក្នុង ​១ សប្តាហ៍) អំពី GBV ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ភ្ជាប់​កិច្ចការពារ​និង​ការឆ្លើយតប​ជា​បន្ត​​សំដៅ​​​ទទួល​​បាន​ផលជះវិជ្ជមាន​ជាអតិបរមា។

លោកស្រី Jyotsana Varma នាយិកា​ ADB ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា គម្រោង​ដ៏សំខាន់​នេះ ​នឹងពង្រឹង​យន្តការ​ឆ្លើយតប​ជាប្រព័ន្ធ ពង្រីក​លទ្ធភាព​ទទួល​បានជម្រក​សុវត្ថិភាព​និង​ធានា​ថាជនរងគ្រោះ​ទទួល​បានការថែទាំ​ដែលពួកគាត់​ត្រូវការ។​

ដោយផ្អែកលើ​មេរៀន​ពីគម្រោង​ GBV មុនៗ​​នៅអាស៊ី គំនិត​ផ្តួចផ្តើម​នេះលើកកម្ពស់​វិធីសាស្រ្ត​ដែលមានការ​ចូលរួម​សកម្ម​ពីគ្រប់ភ្នាក់ងារ​រដ្ឋាភិបាល​ ​ដោយរួម​បញ្ចូល​សមភាព​យេនឌ័រ​និង​ការយកចិត្ត​​ទុក​ដាក់​លើ GBV ពីក្រសួង​សំខាន់ៗ​ រួមមាន​ក្រសួង​កិច្ចការ​នារី ក្រសួង​មហាផ្ទៃ និង ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ធានា​បាននូវ​ការឆ្លើយតប​ប្រកប​ដោយកិច្ចសហការ៕

你可能还喜欢

评论被关闭。